ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងថា មូលហេតុចម្បង៤យ៉ាងដែលបានរុញច្រានឲ្យមានការកំណត់តម្លៃអប្បបរមានេះដែលរួមមានទី១ គឺដើម្បីទប់ស្កាត់ការប្រកួតប្រជែងដែលមានភាពមិនស្មោះត្រង់។ ទី២ ធានាគុណភាពសេវាកម្មឲ្យមានការកើនឡើង។ ទី៣ ធ្វើឲ្យតម្លៃមូលដ្ឋានមានលក្ខណៈសមរម្យ និងទី៤ ធានាចំណូលរដ្ឋឲ្យមានស្ថិរភាព ពីព្រោះរយៈពេល៥ឆ្នាំកន្លងមកចំណូលរដ្ឋដែលបានមកពីវិស័យទូរគមនាគមន៍មានការធ្លាក់ចុះ។
ឯកឧត្តម ប្រាក់ សុខុន បានបំភ្លឺទៀតថា ការដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍លូកដៃក្នុងការធ្វើបញ្ញត្តិកម្មតម្លៃសេវាទូរស័ព្ទ គឺដើម្បីទប់ស្កាត់ការប្រកួតប្រជែងដែលមានភាពមិនស្មោះត្រង់និងដើម្បីធានាផលប្រយោជន៍យូរអង្វែងដល់អតិថិជន ក្រុមហ៊ុនទូរស័ព្ទនិងអ្នកវិនិយោគ។ឯកឧត្តមបានបញ្ជាក់ទៀតថា ការសម្រេចរបស់រាជរដ្ឋាភិបាលទាក់ទងនឹងបញ្ញត្តិកម្មលើសេវាកម្មទូរស័ព្ទគឺ ការដាក់ឲ្យដំណើរការសេចក្តីប្រកាសអន្តរក្រសួងលេខ២៣២រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សេចក្តីជូនដំណឹងតម្រូវឲ្យក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់មិនត្រូវផ្តល់ទឹកប្រាក់បន្ថែមដែលនាំឲ្យអត្រាហៅចេញក្នុងប្រព័ន្ធតិចជាង៤,៥សេនដុល្លារក្នុង១នាទី និងតម្លៃហៅចេញក្រៅប្រព័ន្ធទាបបំផុត៥,៩៥សេនដុល្លារក្នុង១នាទី។
គួររម្លឹកថា កាលពីថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្ត្រីបានសម្រេចដាក់ឲ្យដំណើរការនូវសេចក្តីសម្រេចប្រកាសអន្តរក្រសួងលេខ២៣២ រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយបានកំណត់ឲ្យក្រុមហ៊ុនបម្រើសេវាទូរស័ព្ទទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនត្រូវអនុញ្ញាតឲ្យគិតលុយ ឬក៏ផ្តល់លុយបន្ថែមដែលបណ្តាលឲ្យអត្រាតម្លៃហៅចេញក្នុងប្រព័ន្ធតិចជាង៤,៥សេនដុល្លារក្នុង១នាទីនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមទៀតថា នេះគ្រាន់តែជាវិធានការណ៍បណ្តោះអាសន្នប៉ុណ្ណោះពីព្រោះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ត្រូវជួបប្រជុំគ្នាថែមទៀតជាមួយអ្នកជំនាញជាតិ អន្តរជាតិនាពេលខាងមុខនេះដើម្បីកំណត់គោលការណ៍មួយឲ្យបានច្បាស់លាស់។
ឯកឧត្តមជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុវិញ បានបង្ហាញពីតួលេខចំនួនអ្នកប្រើប្រាស់ទូរស័ព្ទនៅកម្ពុជាថា អត្រាអ្នកប្រើប្រាស់ទូរស័ព្ទមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយកាលពីឆ្នាំ២០០៨កន្លងទៅ គឺមានអ្នកប្រើប្រាស់លេខទូរស័ព្ទប្រមាណតែជា៣លាន៨សែននាក់ ហើយនៅឆ្នាំ២០១២ អត្រាជាវលេខទូរស័ព្ទបានហក់ឡើងរហូតដល់១៩លានលេខ។ ប៉ុន្តែបើគិតត្រឹម១១ខែ ក្នុងឆ្នាំ២០១៣ ពន្ធរដ្ឋគ្រប់ប្រភេទដែលបានមកពីសេវាទូរស័ព្ទនេះ គឺនៅតែមានកម្រិតទាបនៅឡើយមិនសមតុល្យនឹងកំណើនលេខទូរស័ព្ទឡើយ៕