សិក្ខាសាលា​ស្តីពី​ការសិក្សា​ច្បាប់ បញ្ញត្តិ​កម្ម និង​បទពិសោធន៍​ប្រតិបត្តិ​ពីរ​ដ្ឋ​ជា​សមាជិក​អាស៊ាន​សម្រាប់​បញ្ញត្តិ​ករ​ទូរគមនាគមន៍​ថ្មី​នៃ​ប្រទេស​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា​បាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃទី២៨ ដល់​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅ​សណ្ឋាគារ​អាំងទែរ​កុងទីណង់តាល់ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្តម​ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។

ថ្លែង​នៅក្នុង​ឱកាស​បើក​អង្គសិក្ខាសាលា សម្រាប់​រយៈពេល២ថ្ងៃនោះ ឯកឧត្តម​ប្រាក់ សុខុន មានប្រសាសន៍ថា សិក្ខាសាលា​នាពេលនេះ គឺជា​ការអនុវត្តន៍​ប​ន្ត​នូវ​សេចក្តីសម្រេចចិត្ត​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​បញ្ញត្តិ​ករ​ទូរគមនាគមន៍​អាស៊ាន​លើក​ទី១៨ ដែល​បាន​ប្រារព្ធ​ធ្វើ​កាលពី​ឆ្នាំ២០១២ នៅ​ខេត្ត​ព្រះសីហនុ ក្នុង​គោលបំណង​សិក្សា​ច្បាប់​បញ្ញត្តិ​ករ​និង​ការចែករំលែក​បទពិសោធ​ន៍​ប្រតិបត្តិ​ពី​រដ្ឋ​ជា​សមាជិក​អាស៊ាន​សម្រាប់​ជា​ផលប្រយោជន៍​ដល់​បញ្ញត្តិ​ករ​ទូរគមនាគមន៍​ប​ង្កើ​ត​ថ្មី​នៃ​ប្រទេស​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា។  ឯកឧត្តម​រដ្ឋមន្ត្រី​មានប្រសាសន៍​ទៀតថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​អាស៊ាន​ជាង៧៨ភាគរយ កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ក្នុង​ទិដ្ឋភាពផ្សេងៗគ្នា​នៃ​ជីវភាព​រស់នៅ​របស់​ពួកគេ​ដោយបាន​ផ្តល់​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ១១លាន៧សែន​នាក់​និង​ផ្តល់​ប្រភព​ចំណូល​ច្រើនជាង៣ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​អា​ស៊ាន។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែមថា ក្នុងនាម​ជា​សមាជិក​មួយ​របស់​អា​ស៊ាន, កម្ពុជា បាននិងកំពុង​ធ្វើការ​ជាមួយនឹង​ធនធាន​ដែល​ខ្លួន​មាន​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ដំណើរការ​និង​ការប្រើប្រាស់​បណ្តាញ​ទូរគមនាគមន៍។ យើង​បាន​រៀបចំខ្លួន​រួចជាស្រេច​ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការហៅ​ឆ្លង​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត, ដោយ​កើនឡើង​នូវ​ការ​ជ្រៀតចូល១៣៩ភាគរយ​ដែល​ខ្ពស់ជាង​មធ្យមភាគ​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​និង​មធ្យមភាគ​របស់​ពិភពលោក​ក្នុង​ឆ្នាំ២០។ឆ្លងតាម​តម្លៃ​បញ្ជ្រាប​អ៊ិន​ថឹ​ណិ​ត​និង​ដំណើរការ​រលកអាកាស​ធំ​ទូលាយ (Broadband)បាន​ប្រសើរឡើង, ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​នៅតែ​ត្រូវការ​ដើម្បី​រុញ​កម្ពុជា​យើង​ឲ្យ​ខ្ពស់ត្រដែត​ឆ្ពោះ​ដល់​កម្រិត​តំបន់។ កំណែទម្រង់​ស៊ីជម្រៅ​ត្រូវបាន​សម្រេច​យ៉ាង​ធំធេង, ដូច្នេះ​យើង​ក៏​ជម្រុញ​នូវ​បរិយាកាស​ប្រសើរឡើង​សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍/បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍​ក្នុងប្រទេស​កម្ពុជា។

ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា បញ្ហា​ប្រឈម​ទាំងឡាយ​ដែល​នៅ​សេសសល់ គឺ​បញ្ហា​បញ្ញត្តិ​កម្ម ដូចជា​ការចេញ​អ​ជ្ញា​ប័ណ្ណ, ដំណើរការ​និង​ការបែងចែក​សម្បទាន​ខា​ង​ហេដ្ឋារចនាសម្ព័ន្ធ, ការភ្ជាប់​បណ្តាញ​គ្នា​ទៅវិញទៅមក, ការប្រកួតប្រជែង, បញ្ញត្តិ​កម្ម​តម្លៃ, ការផ្តល់​លេខ​និង​ផ្តល់​អាស័យដ្ឋាន, រដ្ឋបាល​រលកអាកាស​វិទ្យុ និង សុវត្ថិភាព​បណ្តាញ គឺជា​ចំណុចក្តៅ​បំផុត។ បញ្ញត្តិ​ករ​ទូរគមនាគមន៍​ក​ម្ពុ​ជា​ត្រូវបានធ្វើ​ការងារ​ដ៏​ស្មុ​គ្រ​ស្មាញ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​តាមបែប​បន្ទាន់​មួយ​ឲ្យ​ប្រាកដ​នូវ​ទីផ្សារ​ទូរគមនាគមន៍​ដ៏​មាន​ស្ថិរភាព, ការប្រកួតប្រជែង​ដោយ​យុត្តិធម៌, និង​ចៀសវាង​ដល់​ការ​ក្ស័យធន​នៃប្រតិបត្តិ​ករ​ខ្លះ។ បញ្ហា​បញ្ញត្តិ​កម្ម​នៅ​ចំពោះមុខ​យើង​គឺ​ផលវិបាក​នៃ “សង្គ្រាម​តម្លៃ” រវាង​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ទាំងឡាយ។ ខណៈ​ណែនាំ​ឡើងវិញ​នូវ​ប្រកាស​អន្តរក្រសួង​លេខ២៣២ដែល​បញ្ញត្តិ​តម្លៃ​និង​ការយក​តម្លៃ​លក់រាយ​សម្រាប់​តម្លៃ​ចំណុច​បញ្ចប់​និង​ការហៅ​ទូរស័ព្ទ​ឆ្លង​ប្រព័ន្ធ​ក្នុងការ​បម្រើសេវា​ទូរស័ព្ទ​ចល័ត​នឹង​ជា​ជំនួយ​ងាយស្រួល​ដល់​ភាព​តានតឹង, រម្លឹក​ឡើងវិញ​បញ្ញត្តិ​កម្ម​ខាងលើ​ក្នុងការ​សម្របសម្រួល​ជាមួយ​អ្នកដើរតួ​ឧស្សាហកម្ម​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​និង​ជំនួស​វា​តាម​លទ្ធភាព​ជាមួយ​សេចក្តីសម្រេច​បញ្ញត្តិ​កម្ម​នឹង​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​បញ្ចប់​សមរភូមិ​នេះ។

ឯកឧត្តម​បានបញ្ជាក់​បន្ថែមថា បណ្តើ​ម​គំនិត​និង​វិធានការណ៍​ដទៃទៀត​នឹង​ជួយ​ការងារ​បញ្ញត្តិ​កម្ម។ ក្នុងចំណោម​ពួកគេ​គឺ​ការយល់ព្រម​នូវ​រូបមន្ត​តម្លៃ​រលកអាកាស​វិទ្យុ​ដើម្បី​ផ្តល់​តម្លាភាព​និង​ភាពប្រាកដនិយម​ក្នុងការ​ផ្តល់​អាជ្ញាប័ណ្ណ​រលកអាកាស​វិទ្យុ​ឆ្លងតាម​ដំណើរការ​រដ្ឋបាល។

ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមថា ក្នុងពេលឆាប់ៗនេះ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា​នឹងដាក់​ស្នើឡើង​វិញ​នូវ​ពង្រាងច្បាប់​ទូរគមនាគមន៍​និង​ពង្រាងច្បាប់​រលកអាកាស​វិទ្យុ​ជូន​ទីស្តីការគណៈរដ្ឋមន្ត្រី​សម្រាប់ធ្វើ​ការពិចារណា​និង​អនុម័ត។ គោលនយោបាយ​រលកអាកាស​ធំ​ទូលាយ​ជាតិ (Broadband)ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយមាន​ការគាំទ្រ​ពី​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​នឹងត្រូវ​ដាក់​ស្នើ​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ទទួលបាន​ការយល់ព្រម​និង​ការអនុវត្ត​ជា​ផ្លូវការ។

ឯកឧត្តម​សង្ឃឹមថា សិក្ខាសាលា​ដ៏​មាន​សារសំខាន់​នេះ នឹង​ផ្តល់ឱកាស​ដ៏​ល្អប្រសើរ​សម្រាប់​អ្នករៀបចំ​គោលនយោបាយ​និង​បញ្ញត្តិ​ករ​ទូរគមនាគមន៍​នៃ​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន​ដើម្បី​ផ្លាស់ប្តូរ​យោបល់​គ្នា និង​ចែករំលែក​បទពិសោធន៍​នៃ​ការអនុវត្តន៍​ពីគ្នា​ទៅវិញទៅមក​សម្តៅ​ធ្វើ​ឲ្យ​ប្រសើរឡើង​ការកសាង​សមត្ថភាព​នៃ​បញ្ញត្តិ​ករ​ទូរគមនាគមន៍ នៃ​ប្រទេស​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា៕

អត្ថបទជាប់ទាក់ទង

  • ការចូលរួមគោរពទង់ជាតិ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សប្ដាហ៍ទី៣ ខែមករា ឆ្នាំ២០២៤

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

  • លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី “ការត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ យន្តការរាយការណ៍ និងដកហូត”