កាលពី​វេលា​ម៉ោង ០៨:០០នាទី​ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ មានការ​រៀបចំ​វេទិកាសាធារណៈ ស្តីពី “ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ របស់​រាជរដ្ឋាភិបាល ការផ្តល់​សេវាសាធារណៈ និង​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ” នៅក្នុង​បរិវេណ​វត្ត​ធន​មន្ត ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ក្រោម​អធិបតីភាព​ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ប្រចាំខេត្ត​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ប្រចាំ​ស្រុក​ស្អាង និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​ក្រុមការងារ​ថ្នាក់ជាតិ​ប្រចាំ​ស្រុក​ស្អាង មន្ត្រី​ថ្នាក់មូលដ្ឋាន ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​មកពី​ឃុំ​ព្រែក​គយ និង​ឃុំ​ទឹក​វិល សរុប​ចំនួន ៥០០ នាក់។

          បន្ទាប់ពី​បាន​ស្តាប់​មតិ​ស្វាគមន៍ និង​របាយការណ៍​សង្ខេប​លទ្ធផល​ការងារ​ស្រុក​ស្អាង​ឆ្នាំ២០១៤ របស់លោក ខឹម ច័ន្ទ​គិរី អភិបាលស្រុក​ស្អាង ដែល​បង្ហាញ​ឲ្យ​ឃើញ​អំពី​សមិទ្ធផល​ជាច្រើន​ដែល​ស្រុក​ស្អាង​សម្រេចបាន​ក្នុង​ឆ្នាំកន្លងមក លើ​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច ការគ្រប់គ្រង​ដីធ្លី ធនធានធម្មជាតិ បរិស្ថាន គ្រោះមហន្តរាយ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ, បញ្ហា​ប្រឈម​នានា​ដែល​ស្រុក​ស្អាង​បាន​ជួបប្រទះ ជាអាទិ៍ កង្វះខាត​ឯកសារ​អត្រានុកូលដ្ឋាន អនាម័យ​បរិស្ថាន បទល្មើស​នេសាទ ល្បែងស៊ីសង គ្រឿងញៀន, ព្រមទាំង​ការចូលរួម​សម្តែង​មតិ​យ៉ាង​ផុលផុសពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​រួចមក ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន បាន​មានប្រសាសន៍ថា៖ ឯកឧត្តម​មាន​អារម្មណ៍​សប្បាយរីករាយ​ដែល​បាន​ជួប​ជាមួយនឹង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​វេទិកាសាធារណៈ​នាពេលនេះ។

           គោលបំណង​នៃ​ការធ្វើ​វេទិកាសាធារណៈ​នា​ថ្ងៃនេះ គឺ​ដើម្បី​បើកឱកាស​ជូន​បងប្អូន​ប្រជា​ពលរដ្ឋ បាន​សម្តែង​មតិ​ជុំវិញ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់ខ្លួន ថា​តើ​មាន​សុខ​និង​ទុក្ខ​បែបណាខ្លះ? តើ​មានការ​ថ្នាំងថ្នាក់​ចិត្ត​លើ​កត្តា​អ្វីខ្លះ? ដើម្បី​ឲ្យ​អាជ្ញាធរ និង​ក្រុមការងារ​ថ្នាក់ជាតិ​បាន​ចូលរួមចំណែក​ជួយ​ដោះស្រាយ​សម្រាល​ការលំបាក​ជូន​បងប្អូន។ ចំពោះ​ការលំបាក និង​សំណូម​ដែល​បងប្អូន​ប្រជា​ពល​បានលើកឡើង​នៅថ្ងៃនេះ មាន​ជាអាទិ៍ ការស្នើសុំ​ឲ្យ​ជួយ​ជួសជុល​កែលម្អ​ផ្លូវលំ​មួយ​ខ្សែ​ពី​ព្រែ​កតា​ប៉ប់​ទៅ​ភូមិ​ចាម ប្រវែង ៨,៥ គីឡូម៉ែត្រ, បញ្ហា​កន្លែង​លក់​ត្រី, បញ្ហា​កង្វះខាត​ទឹក​សម្រាប់ធ្វើ​កសិកម្ម, និង​បញ្ហា​ឃ្លាំង​កសិកម្ម​របស់​រដ្ឋ សេសសល់​តាំងពី​សម័យមុន មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​បង្កក្តី​បារម្ភ​ខ្លាច​បាក់​សង្កត់​បងប្អូន​អ្នកភូមិ​នោះ ឯកឧត្តម​នឹង​ខិតខំ​សម្របសម្រួល​ជាមួយ​ក្រសួង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ឲ្យ​ជួយ​ដោះស្រាយ​ជូន​ឲ្យ​បាន​ឆាប់។

            ចំណែក​ករណី​មានការ​រំលោភ​លើដី​សាធារណៈ​របស់​រដ្ឋ និង​ផ្លូវ​សាធារណៈ​ពី​សំណាក់​បុគ្គល​មួយចំនួន​តូច​ដែល​បង្ក​ជាការ​លំបាក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ភាគច្រើន ឯកឧត្តម​សូម​បង្ហាញ​ជំហរ​ថា ឯកឧត្តម​មិន​គាំទ្រ​បុគ្គល​ណា​ដែល​ប្រព្រឹត្ត​ផ្ទុយទៅនឹង​ច្បាប់​ជាដាច់ខាត និង​សូម​ជូន​នូវ​ជម្រើស​ពីរ​ជូន​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន​យកទៅ​ធ្វើជា​គោល​ក្នុងការ​ដោះស្រាយ​ក្នុង​រឿងនេះ គឺ តើ​ត្រូវ​ដោះស្រាយ​តាមផ្លូវ​តុលាការ ឬមួយ​ដោះស្រាយ​ដោយ​វិធី​សម្របសម្រួល​គ្នា​រវាង​ភាគី​មាន​ជម្លោះ? និង​ធ្វើយ៉ាងណា​កុំ​ប្រើ​ហឹ​ង្សា​ក្នុងការ​ដោះស្រាយ​បញ្ហា គឺ​ត្រូវតែ​ប្រើ​សន្តិវិធី​តាមរយៈ​ការពិភាក្សា ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​អំពាវនាវ​ដល់​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់មូលដ្ឋាន ត្រូវ​ប្រើ “វប្បធម៌​សន្ទនា ក្នុងការ​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើតមានឡើង។

            ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជម្រាបជូន​បងប្អូន​ប្រជា​ពល​បន្ថែមថា ចំពោះ​បញ្ហាអាហារូបករណ៍ ឯកឧត្តម​នឹង​ផ្តួចផ្តើម​បង្កើត​មូលនិធិ​មួយ ដើម្បី​ផ្តល់​អាហា​រូបករណ៍​ដល់​សិស្ស​រៀន​ពូកែ និង​សិស្ស​ដែលមាន​ជីវភាព​ក្រលំបាក​នៅ​ទូទាំង​ស្រុក​ស្អាង ហើយ​ឯកឧត្តម​នឹង​ធ្វើជា​ប្រធាន​មូលនិធិ​នេះ​ដោយ​ខ្លួនឯង ដូចដែល​ឯកឧត្តម​បាននិងកំពុង​ធ្វើ​នៅ​សង្កាត់​ស្នោ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ។

            មុននឹង​បញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក​មក​ចូលរួម​ផ្តល់​មតិយោបល់​យ៉ាង​ផុលផុស និង​សូម​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​ស្រុក​ស្អាង​ដែល​បាន​យកចិត្តទុកដាក់​បំរើសេវា​សាធារណៈ និង​ដោះស្រាយ​ការលំបាក​នានា​ជូន​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​បាន​គូសបញ្ជាក់ និង​ផ្តាំផ្ញើ អាជ្ញាធរ និង​បងប្អូន​ប្រជាពលរដ្ឋ​ថា ក្រុមការងារ​ថ្នាក់ជាតិ​មាន​តួនាទី​គ្រាន់តែ​ជា​អ្នកសម្របសម្រួល និង​ត្រួតពិនិត្យ​ការអនុវត្ត​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣របស់​រាជ​រដ្ឋា​ភិ   បាល​តែប៉ុណ្ណោះ មិនមែន​ធ្វើ​ការជំនួស​អាជ្ញាធរ​មូ​ល​ដ្ឋា​ន​ទេ ដូច្នេះ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បន្ត​ខិតខំ​បំពេញការងារ​របស់ខ្លួន និង​សហការ​ជាមួយ​ក្រុមការងារ​ថ្នាក់ជាតិ ដើម្បី​បំរើសេវា​សាធារណៈ និង​ដោះស្រាយ​ទុក្ខលំបាក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាង​អស់ពី​កម្លាំងកាយ​ចិត្តជា​បន្តទៀត។

            ក្រោយពី​បិទ​បញ្ចប់​វេទិកាសាធារណៈ ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អញ្ជើញ​ទៅ​ក្រាបថ្វាយបង្គុំ​ព្រះចៅអធិការ និង​ព្រះសង្ឃ​គង់នៅ​វត្ត​ធន​មន្ត ព្រមទាំង​ប្រគេន​នូវ​បច្ច័យ​សម្រាប់ចូលរួមចំណែក​កសាង​ទី​អា​រ៉ា​ម និង​ទ័យ​វត្ថុ ជា​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ចំនួន ៩០នាក់ ទូទាំងខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យបាល សរុបប្រមាណ ២៥០នាក់។

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃថ្ងៃជ័យជម្នះ ៧ មករា នៅសួនច្បារមុខសាលមហោស្រពខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា សរុបប្រមាណ ៧៣៥០ អង្គ/នាក់​។