រសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ នាទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តមរដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរៈកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN Business Council: US-ABC) ដែលមានសមាសភាពជាតំណាងនៃក្រុមហ៊ុនល្បីៗរបស់សហរដ្ឋអាមេរិក ដូចជា៖ Coca Cola, Ford Motor, និង RMA Group ដឹកនាំដោយលោកស្រី KATHY Santillo នាយកគ្រប់គ្រងទូទៅនៃ US-ABC អមដោយតំណាងពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាស្វែងយល់អំពីកាលានុវត្តភាព និងគោលនយោបាយអាទិភាពរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងជម្រុញឲ្យក្រុមហ៊ុនអាមេរិកចូលមកដាក់ទុនវិនិយោគលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកគមនាគមន៍ និងព័ត៌មាន នៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូក្រុមប្រឹក្សាធុរៈកិច្ចមកកម្ពុជាលើកនេះ និងបានធ្វើការអធិប្បាយអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការវិវត្តន៍ផ្នែកពាណិជ្ជកម្ម និងបរិយាកាសវិនិយោគក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកគមនាគមន៍ និងព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីដំណើររបស់ប្រទេសកម្ពុជាឆ្ពោះទៅគោលដៅសហគមន៍សេដ្ឋកិច្ច អាស៊ានឆ្នាំ២០១៥ និងបច្ចុប្បន្នភាពនៃការរៀបចំគោលនយោបាយ ព្រមទាំងបទដ្ឋានគតិយុត្តនានាដូចជា÷ សេចក្តីព្រៀងច្បាប់ទូរគមនាគមន៍, សេចក្តីព្រៀងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, សេចក្តីព្រៀងគោលនយោបាយអភិវឌ្ឍន៍បច្ចេកគមនាគមន៍ និងព័ត៌មាន, សេចក្តីព្រៀងគោលនយោបាយទូរគមនាគមន៍ និងការធ្វើសុខដុមនីយកម្មហ្វ្រេកង់ស៍ ៧០០MHz សម្រាប់បម្រើឲ្យអ៊ីនធឺណិតឥតខ្សែល្បឿនលឿន (wireless broadband) នាឆ្នាំ២០១៨, ផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (Cambodia ICT master plan 2020) ដែលមានវិស័យអាទិភាពទាំងប្រាំ÷ ១)រដ្ឋាភិបាលអេឡិចត្រូនិក, ២)អប់រំតាមប្រព័ន្ធអេឡិចត្រូនិក(e-education), ៣)សន្តិសុខព័ត៌មាន, ៤)ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(e-commerce), និង៥)ការផ្សព្វផ្សាយទេសចរណ៍តាមប្រព័ន្ធអេឡិចត្រូនិក(e-tourism)។
លោកស្រី KATHY Santillo និងសមាជិកប្រតិភូបានថ្លែងអំណរគុណចំពោះការស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្រ្តី និងបានធ្វើការពិភាក្សាបន្ថែមលើប្រធានបទមួយចំនួនទៀត ដូចជា÷ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, អប់រំតាមប្រព័ន្ធអេឡិចត្រូនិក, និងតម្រូវការនៃការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សម្រាប់បម្រើឲ្យការងារធុរៈកិច្ចនានា។ លោកស្រី KATHY Santillo ក៏បានលើកឡើងផងដែរអំពីឱកាសសម្រាប់អាជីវកម្មធុនតូច និងមធ្យម(SMEs)នៅកម្ពុជា ក្នុងការទទួលបាននូវការបណ្តុះបណ្តាលជំនាញ និងការចែករំលែកបទពិសោធន៍ ដើម្បីឆក់យកសារៈប្រយោជន៍ពីសមាហរណកម្មអាស៊ាន តាមរយៈការចូលរួមទៅក្នុង “បណ្ឌិតសភាអាស៊ាន online”(online ASEAN academy)។
នៅទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញជាថ្មីឲ្យគណៈប្រតិភូ US-ABC ខិតខំលើកទឹកចិត្តវិនិយោគិនសហរដ្ឋអាមេរិកឲ្យពិចារណាលើការវិនិយោគក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) និងការទូទាត់តាមអេឡិចត្រូនិក(e-payment)៕