កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានទីតាំងស្ថិតនៅបណ្តោយវិថីព្រះមុនីវង្ស ចន្លោះសាលារាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទល់មុខសាកលវិទ្យាល័យជាតិគ្រប់គ្រង។
តំណាងក្រុមហ៊ុនម៉ាវការសាងសង់បានជម្រាបឯកឧត្តមរដ្ឋមន្ត្រីថា គិតចាប់ពីពេលបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ រហូតមកទល់នឹងពេលនេះ គឺការសាងសង់សម្រេចបានប្រមាណជា ៥០% ហើយតាមគម្រោងនឹងត្រូវរួចរាល់ជាស្ថាពរនាដំណាច់ឆ្នាំ២០១៦។
នាព្រឹកថ្ងៃដដែលនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញចុះទៅពិនិត្យការដ្ឋានសាងសង់អគារថ្មីសម្រាប់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដែលមានទីតាំងស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តំណាងក្រុមហ៊ុនម៉ាវការសាងសង់បានជម្រាបឯកឧត្តមរដ្ឋមន្ត្រីថា អគារវិទ្យាស្ថានជាតិដែលបានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤នេះ នឹងត្រូវរួចរាល់ជាស្ថាពរនាដំណាច់ឆ្នាំ២០១៥នេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំ និងសង្កត់ធ្ងន់ ឲ្យក្រុមហ៊ុនម៉ាវការសាងសង់ទាំងអគារទីស្តីការក្រសួង ក៏ដូចជាអគារវិទ្យាសា្ថនជាតិ ត្រូវយកចិត្តទុកដាក់លើគុណភាពសំណង់ធ្វើយ៉ាងណាគោរពតាមស្តង់ដារបច្ចេកទេសឲ្យបានត្រឹមត្រូវ និងត្រូវបញ្ចប់ដំណើរការសាងសង់ឲ្យរួចរាល់តាមគម្រោង ដើម្បីដាក់ឲ្យប្រើប្រាស់ជាប្រយោជន៍រួម៕