កាលពីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញចូលរូមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយវិស័យឯកជនលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលបានរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាទីស្តីការក្រសួង។
ក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងនូវសុន្ទរកថាគន្លឹះដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ ៖
ឯកឧត្តម លោកជំទាវ!
លោក លោកស្រីប្រតិបត្តិករទូរគមនាគមន៍ ប្រធានក្រុមហ៊ុនអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន!
អរុណសួស្តី!
ជាបឋម ក្នុងនាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្ដម លោកជំទាវ លោក លោកស្រីប្រតិបត្តិករទូរគមនាគមន៍ និងប្រធានក្រុមហ៊ុនអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន ដែលបានអញ្ជើញចូលរួមក្នុងកិច្ចពិគ្រោះយោបល់នៅព្រឹកនេះ ដើម្បីពិភាក្សាលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ នេះគឺជាលើកទីពីរហើយ ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដើម្បីពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន លើការរៀបចំក្របខណ្ឌគោលនយោបាយ និងគតិយុត្ត ឲ្យប្រកបដោយប្រសិទ្ធភាព ភាពស័ក្តិសិទ្ធិ សង្គតិភាពនិងគណនេយ្យភាព សម្រាប់អភិវឌ្ឍវិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគន៍ និងព័ត៌មានរបស់កម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥ បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ និងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ដើម្បីរៀបចំនូវវិធានការ និងយុទ្ធសាស្រ្តនានា សម្រាប់ការអភិវឌ្ឍវិស័យអាទិភាពជាច្រើន រួមទាំងវិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ រាជរដ្ឋាភិបាលមានគោលដៅត្រៀមរៀបចំមូលដ្ឋានសម្រាប់ការឈានឡើងរបស់កម្ពុជា ទៅកាន់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ ពិសេសការធានាភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងសេដ្ឋកិច្ចពុទ្ធិ នាពេលអនាគត។ ហេតុដូចេ្នះ រាជរដ្ឋាភិបាលផ្តោតអាទិភាពលើការរៀបចំគោលនយោបាយសម្រាប់អភិវឌ្ឍវិស័យទូរគមនាគមន៍-បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ដោយត្រូវពិចារណាលើគ្រប់ទិដ្ឋភាពសេដ្ឋកិច្ច និងសង្គមកិច្ច។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺការពិនិត្យនូវគោលដៅ និងគោលនយោបាយយុទ្ធសាស្រ្ត និងវិធានការនានា ដែលនឹងត្រូវបានដាក់ចេញតាមរយៈគោលនយោបាយនេះ ជាមួយនឹងគោលដៅ និងផែនការមេធុរកិច្ច និងវិនិយោគរបស់វិស័យឯកជនលើការចូលរួមអភិវឌ្ឍវិស័យ ទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ លើសពីនេះទៀត ការទទួលបាននូវឯកសារគោលនយោបាយដ៏ល្អ ទាមទារយ៉ាងចាំបាច់នូវការសិក្សារាល់ធាតុចូលពាក់ព័ន្ធទាំងអស់ ដែលត្រូវបានចូលរួមចែករំលែកពីគ្រប់តួអង្គពាក់ព័ន្ធ មិនត្រឹមតែពីសំណាក់ប្រតិបត្តិករប៉ណ្ណោះទេ គឺថែមទាំងពីសំណាក់ឧស្សាហករ/ផលិតករគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ផងដែរ ជាអាទិ៍ ក្រុមហ៊ុន Huawei Technologies Co., Ltd., ក្រុមហ៊ុន ZTE Corporation និងក្រុមហ៊ុន China Comservice។
កន្លងមកនេះ ក្រុមហ៊ុនទាំងបីនេះ បានចូលរួមចែករំលែកផ្តល់នូវធាតុចូលដ៏មានសារៈសំខាន់ជាច្រើន ដើម្បីធានាសង្គតិភាពរវាងសេចក្តីព្រាងនេះ និងនិន្នាការនៃការវិវត្តន៍បច្ចេកវិទ្យានៅក្នុងតំបន់ និងពិភពលោក។ ក្រៅពីនេះ យើងគួររំលឹកផងដែរថា សេចក្តីព្រាងគោលនយោបាយនេះ ក៏ធ្លាប់ត្រូវបានចូលរួមជួយសហការរៀបចំ និងផ្តល់អនុសាសន៍ល្អៗ ដោយនាយកដ្ឋានសេដ្ឋកិច្ច និងកិច្ចការសង្គមរបស់អង្គការសហប្រជាជាតិ (United Nations-Department of Economic and Social Affairs, UNDESA)ផងដែរ។ ដូចនេះ ក្នុងនាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះ ចំពោះតំណាងវិស័យឯកជនពាក់ព័ន្ធទាំងអស់ដែលមានវត្តមាននាថ្ងៃនេះ, ពិសេសក្រុមហ៊ុន Huawei Technologies Co., Ltd., ក្រុមហ៊ុន ZTE Corporation និងក្រុមហ៊ុន China Comservice និង លោក Richard KERBY ជាទីប្រឹក្សាជាន់ខ្ពស់អន្តរតំបន់នៃអង្គការ UNDESA។
នៅខែសីហា ឆ្នាំ២០១៤ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០២០ ដែលត្រូវបានរៀបចំឡើងក្រោមជំនួយឧបត្ថម្ភរបស់សាធារណរដ្ឋកូរ៉េ។ ផែនការមេនេះ គឺជាឯកសារគ្រឹះដ៏សំខាន់មួយក្នុងចំណោមឯកសារទាំងឡាយដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានខិតខំចូលរួមសហការរៀបចំ និងបញ្ចប់ បន្ទាប់ពីសមាហរណកម្ម NiDA មកក្រោមដំបូលរបស់ក្រសួង ក្នុងន័យឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលលើការរៀបចំក្របខណ្ឌគោលនយោបាយមួយដ៏រឹងមាំសម្រាប់អភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន។ បន្ទាប់ពីនោះមក ក្រសួងក៏បានបន្តរៀបចំគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឱ្យមានសង្គតិភាព និងភាពប្រទាក់ក្រឡាគ្នាជាមួយនឹងការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យទូរគមនាគមន៍ ដែលត្រូវបានចាប់ផ្តើមតាំងពីដើមអាណត្តិទី៥ របស់រាជរដ្ឋាភិបាល។ បន្ថែមពីលើនេះ ដើម្បីធានានូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមសមាហរណកម្មតំបន់ និងពិភពលោកលើវិស័យទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងធានានូវប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិនៃការរៀបចំសេចក្តីព្រាងគោលនយោបាយទាំងពីរនេះ ក្រសួងបានសម្រេចបញ្ចូលក្រុមការងារទាំងពីរ និងរៀបចំសេចក្តីព្រាងគោលនយោបាយតែមួយ គឺគោលនយោបាយអភិវឌ្ឍវិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
ឯកសារនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើ៖
ទី១. ការបូកសរុប និងវាយតម្លៃលើស្ថានភាពបច្ចុប្បន្ននៃវិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្ពុជា តាមរយៈឯកសារនានា ដែលត្រូវបានផ្តល់ដោយប្រតិបត្តិករពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងឯកសាររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍,
ទី២. ឯកសារគោលនយោបាយថ្មីៗ ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាល ជាអាទិ៍ ផែនការមេជាតិនៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ២០១៤-២០២០, គោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា, គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម ២០១៥-២០២៥, ផែនការយុទ្ធសាស្រ្តស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣ និងឯកសារគោលនយោបាយពាក់ព័ន្ធផ្សេងៗទៀត,
ទី៣. ផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានអាស៊ានឆ្នាំ២០១៥ និងសេចក្តីព្រាងផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានអាស៊ានឆ្នាំ២០២០,
ទី៤. ឯកសារគោលនយោបាយរបស់បណ្តាប្រទេសមួយចំនួននៅអាស៊ាន ជាអាទិ៍ វៀតណាម ថៃ និងម៉ាឡេស៊ី, និង
ទី៥. ផែនការយុទ្ធសាស្រ្តនៃសហគមន៍ទូរគមនាគមន៍អាស៊ី-ប៉ាស៊ីហ្វីក ២០១៥-២០១៧ និងសេចក្តីសម្រេចនានាដែលត្រូវបានអនុម័តដោយ Plenipotentiary Conference ឆ្នាំ២០១៤ របស់សហភាពទូរគមនាគមន៍អន្តរជាតិ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ឧស្សាហកម្មទូរស័ព្ទចល័ត បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចពិភពលោក ជាឧបករណ៍នវានុវត្តន៍សម្រាប់សេវាថ្មីៗ។ បណ្តាញទូរស័ព្ទចល័ត ផ្តល់នូវកាលានុវត្តភាព ដើម្បីទទួលបានអតិថិជនថ្មីៗ និងធ្វើជាឧបករណ៍ ដើម្បីរកប្រាក់ពីផលិតផល និងសេវា។ ឧស្សាហកម្មនេះ បានអនុញ្ញាតឱ្យមានការផ្សំផ្គុំនូវចំនួន «ផែននវានុវត្តន៍» នៅលើពិភពលោក។ បរិស្ថាននវានុវត្តន៍នៃទូរស័ព្ទចល័ត ចូលរួមចំណែកក្នុងការផ្តល់អំណាចដល់បុគ្គល និងសង្គម មិនត្រឹមតែតាមរយៈកាលានុវត្តន៍ ដែលពួកគាត់បង្កើតនោះទេ ក៏ប៉ុន្តែតាមរយៈដំណោះស្រាយ និងសេវា ដែលពួកគាត់ផ្តល់ផងដែរ។
ការតភ្ជាប់ទូរស័ព្ទចល័ត បានផ្លាស់ប្តូររួចហើយនូវជីវិតប្រចាំថ្ងៃរបស់មនុស្សនៅលើពិភពលោក។ ទូរស័ព្ទចល័តកំពុងដើរតួនាទីយ៉ាងខ្លាំងនៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅក្នុងតំបន់កំពុងអភិវឌ្ឍ។ ទូរស័ព្ទចល័តបាននាំមកនូវសេវាសម្លេង និងការប្រើប្រាស់អ៊ិនធឺណេត ទៅដល់តំបន់ដែលមិនធ្លាប់មានការតភ្ជាប់ចូលរួមកាត់បន្ថយគម្លាតឌីជីថលនិងផ្តល់អំណាចទៅសហគមន៍។
សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ២០២០ របស់កម្ពុជា មានចក្ខុវិស័យនាំកម្ពុជាឈានទៅរកសន្ធិភាព (Connectedness) និងកម្មញភាព (Readiness) នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នាពេលអនាគត។ ដូចនេះ ដើម្បីធានាឲ្យកិច្ចពិគ្រោះយោបល់នេះ បានកាន់តែសកម្ម និងធ្វើឲ្យសេចក្តីព្រាងគោលនយោបាយនេះកាន់តែប្រសើរឡើង ខ្ញុំសូមចូលរួមចែករំលែក និងស្នើដល់កិច្ចពិគ្រោះយោបល់ពិនិត្យលើចំណុច អាទិភាពមួយចំនួនដូចខាងក្រោម៖
ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន គឺជាកត្តាលីករគន្លឹះ សម្រាប់ធានាបានការតភ្ជាប់ ការទទួលព័ត៌មាន ការវិភាគព័ត៌មាន និងការប្រើប្រាស់ព័ត៌មានសម្រាប់ជាប្រយោជន៍ដល់ប្រជាជនគ្រប់ៗគ្នា ក្នុងគោលបំណង និងគោលដៅខុសៗគ្នា ដើម្បីចូលរួមអភិឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចំណេះដឹងជាមូលដ្ឋាន។ ការអភិវឌ្ឍប្រព័ន្ធខ្សែកាប្លិ៍ក្រោមបាតសមុទ្រ នឹងចូលរួមចំណែកដ៏សំខាន់ ដើម្បីសម្រេចទិសដៅខាងលើនេះ ហេតុនេះ យើងសូមលើកទឹកចិត្តដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះ។ ក៏ប៉ុន្តែ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងចាត់វិធានការតឹងរឹងចំពោះក្រុមហ៊ុនណាដែលគ្រាន់តែស្នើសុំអាជ្ញាបណ្ណ ដើម្បីយកទៅទុកចោល ដោយគ្មានផែនការមេ ឬវិនិយោគច្បាស់លាស់ ឬដើម្បីគ្រាន់តែស្វែករកថវិកាវិនិយោគពីក្រៅប្រទេស ដែលទាំងនេះនឹងបង្កការរាំងស្ទះដល់វិនិយោគិនផ្សេងដែលមានឆន្ទៈពិតប្រាកដ និងច្បាស់លាស់ ហើយអាចបង្កឡើងនូវបញ្ហាប្រឈមធ្ងន់ធ្ងរដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលពុំអាចធានាការប្រើប្រាស់អ៊ិនធឺណេតល្បឿនលឿនដល់ប្រជានជនគ្រប់ទីកន្លែង។
ទី២. ការគ្រប់គ្រងប្រភពធនធានកម្រ ជាពិសេសវិសាលគមន៍ហ្រ្វេកង់ស៍ មានសារៈសំខាន់សម្រាប់ ប្រតិបតិ្តករទូរគមនាគមន៍ អ្នកប្រើប្រាស់ និងថវិកាជាតិ។ បច្ចុប្បន្ន មានប្រតិបត្តិករមួយចំនួន ដែលបានទទួលសិទ្ធិប្រើប្រាស់ ហ្រ្វេកង់ស៍ ហើយបែរជាមិនប្រើប្រាស់ធនធានទាំងនោះឲ្យអស់សក្តានុពល នៅពេលមានប្រតិបត្តិករខ្លះកំពុងត្រូវ ការហ្រ្វេកង់ស៍បន្ថែម ដើម្បីពង្រីកទំហំ និងសមត្ថភាពនៃការផ្តល់សេវាទូរគមនាគមន៍ ពិសេសសេវាទំនើបចុង ក្រោយ ៤G ឲ្យបានទៅដល់អ្នកប្រើប្រាស់គ្រប់ទីកន្លែង។ ស្ថានភាពគួរឲ្យបារម្ភនេះ បានបង្ខំឲ្យក្រសួង និងបញ្ញត្តិករទូរគមនាគមន៍កម្ពុជា ពិចាណារអំពីវិធានការតឹងរឹង និងស្របតាមច្បាប់ ដើម្បីធ្វើការដោះស្រាយ។ ស្របពេលជាមួយគ្នានេះដែរ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលការឯកភាពពីប្រមុខរាជរដ្ឋាភិបាល ដើម្បីដឹកនាំក្រុមការងារសិក្សា និងកំណត់សមត្ថកិច្ចលើការប្រើប្រាស់ហ្រ្វេកង់ស៍ ៧០០Mhz ដែលកំពុងត្រូវបានកាន់កាប់នាពេលបច្ចុប្បន្នសម្រាប់វិស័យសោតទស្សន៍។ យើងសង្ឃឹមថា ឌីជីថលឌីវិដិន (Digital Dividend) នេះ នឹងចូលរួមចំណែកក្នុងការបង្កើនសមត្ថភាពនៃការផ្តល់សេវា 4G នៅគ្រប់ទីកន្លែងនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ស្របតាមនិន្នាការនៃសមាហរណកម្មហ្វ្រេកង់ស៍ ៧០០Mhz របស់សហគមន៍ទូរគមនាគមន៍អាស៊ី-ប៉ាស៊ីហ្វីក និងសេចក្តីសម្រេចរបស់សហភាពទូរគមនាគមន៍អន្តរជាតិ នៅឆ្នាំ២០១២។
ទី៣. ការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងនូវធនធានកម្រប្រកបដោយប្រសិទ្ធភាព នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនៃការផ្តល់ និងការប្រើប្រាស់សេវាអ៊ិនធឺណេត ល្បឿនលឿន ដល់ប្រជាជនគ្រប់ៗគ្នាជាពិសេសសេវាអ៊ិនធឺណេតល្បឿនលឿនតាមរយៈទូរស័ព្ទ
ចល័ត។
ទី៤. ការអភិវឌ្ឍន៍ធនធានមនុស្ស និងគម្លាតឌីជីថល នៅតែជាបញ្ហាប្រឈមសំខាន់ និងបន្ទាន់ ដែលគ្រប់តួអង្គទាំងអស់ត្រូវចូលរួមសហការរកដំណោះស្រាយ។ ការធ្វើពិពិធកម្មសេវាបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានប្រកបដោយភាពសម្បូរបែប និងប្រសិទ្ធភាព ក៏ជាអាទិភាពមួយដ៏សំខាន់ ដើម្បីធានាថា ប្រជាជនគ្រប់រូប អាចយល់ពីសារៈសំខាន់ និងផលប្រយោជន៍នៃការប្រើប្រាស់សេវាទាំងនេះ។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តដល់គ្រប់តួអង្គទាំងអស់ ជាពិសេសប្រតិបត្តិករ ឧស្សាហករទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួង-ស្ថាប័នរៀបចំគោលនយោបាយ និងក្រសួង-ស្ថាប័នអប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ រួមសហការអភិវឌ្ឍសេវាបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដើម្បីចូលរួមចំណែកពង្រឹង និងពង្រីកការកសាងសមត្ថភាព និងការកាត់បន្ថយគម្លាតឌីជីថល។
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
មុននឹងបញ្ចប់សុន្ទរកថា ខ្ញុំសូមជូនព័ត៌មាន និងលើកទឹកចិត្តចំពោះវិស័យឯកជន និងតួអង្គទាំងអស់ ដែលមានវត្តមាននៅថ្ងៃនេះ ដើម្បីត្រៀមចូលរួមឱ្យបានគ្រប់ៗគ្នាក្នុងព្រឹត្តិការណ៍ចំនួនបី នៅពេលខាងមុខនេះគឺ៖
ទី១. នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំការប្រកួតប្រជែងដណ្ដើមពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់កម្ពុជា និងបុណ្យគម្រប់ខួប១៥០ ឆ្នាំរបស់សហភាពទូរគមនាគមន៍អន្តរជាតិ។ ក្នុងស្មារតីនេះ ការលើកឡើងនូវគំនិតច្នៃប្រឌិតនានា នឹងត្រូវបានទទួលស្វាគមន៍។
ទី២. ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ សហភាពទូរគមនាគមន៍អន្តរជាតិ នឹងរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំ គឺ ITU World នៅទីក្រុងប៊ុដាប៉េស្ត ប្រទេសហុងហ្រ្គី។ ខ្ញុំសូមលើកទឹកចិត្តដល់ក្រុមហ៊ុនវ័យក្មេង និងក្រុមហ៊ុនធុនតូច និងមធ្យម ចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំនានា និងការរៀបចំពិព័រណ៌ ដើម្បីទទួលបាននូវបទពិសោធន៍ល្អៗ និងបង្កើតបណ្តាញធុរកិច្ចរបស់ខ្លួន។
ទី៣. នៅខែវិច្ឆកា ឆ្នាំ២០១៥ សហភាពទូរគមនាគមន៍អន្តរជាតិ នឹងរៀបចំសន្និសីទពិភពលោកស្តីពីវិទ្យុគមនាគមន៍ នៅទីក្រុង Geneva។ ខ្ញុំក៏សូមលើកទឹកចិត្តដល់ប្រតិបត្តិករ និងឧស្សាករ/ផលិតករគ្រឿងបរិក្ខារទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ ចូលរួមជាមួយក្រសួង ដើម្បីបន្តតាមដានការវិវត្តន៍នៃការប្រើប្រាស់ធនធានកម្រនេះនាពេលអនាគត។
ឆ្លៀតឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះក្រុមការងាររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានរៀបចំសេចក្តីព្រាងគោលនយោបាយនេះ និងកិច្ចប្រជុំនេះឡើង។ ខ្ញុំក៏សូមអរគុណចំពោះក្រុមហ៊ុន Huawei Technologies (Cambodia) Co., Ltd ដែលបានជួយសម្រួលដល់ការងារឡូជីស្ទីកក្នុងការរៀបចំកិច្ចប្រជុំនេះ។
ចុងបញ្ចប់នេះ ខ្ញុំសូមជូនពរដល់អ្នកចូលរួមទាំងអស់ នៃកិច្ចប្រជុំនេះ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើង និងសូមឲ្យកិច្ចប្រជុំបានទទួលផ្លៃផ្កាល្អប្រសើរ។
សូមអរគុណ!