នៅក្នុងឱកាសអញ្ជើញបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា រួមដំណើរដោយមន្រ្តីក្រោមឱវាទ បានអញ្ជើញសាកសួរសុខទុក្ខមន្រ្តីអ្នកដោះមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅខេត្តឧត្តរមានជ័យ។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC បានគូសបញ្ជាក់ថា ខេត្តឧត្តរមានជ័យ ជាអតីតសមរភូមិក្តៅគគុក ដែលបានបន្សល់គ្រាប់មីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនលានគ្រាប់ ហើយក៏ជាខេត្តដែលរងផលប៉ះពាល់គ្រាប់មីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះខ្ពស់ផងដែរបន្ទាប់ពីខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ គិតពីឆ្នាំ ១៩៧៩ ដល់ខែមិថុនា ឆ្នាំ ២០១៥ មានជនរងគ្រោះសរុបចំនួន ៤៨៨៨ នាក់ក្នុងនោះ ជនរងគ្រោះដោយសារគ្រាប់មីនចំនួន៤១៥៦នាក់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៧៣២នាក់។ នៅក្នុងរយៈពេល ២៣ ឆ្នាំកន្លងមកនេះ យើងបានដោះមីនរំដោះផ្ទៃដីបានចំនួន ១២៩២ គីឡូម៉ែត្រក្រឡា ដោយបានរកឃើញ និងកំទេចចោលនូវមីនប្រឆាំងមនុស្សជាង ១លានគ្រាប់ មីនប្រឆាំងរថក្រោះជាង ២៣.០០០ គ្រាប់ និង UXO ជាង ២ លាន ៥ សែនគ្រាប់។
ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា ការងារបោសសំអាតមីនជាការងារមួយដែលរាជរដ្ឋាភិបាល ជាពិសេសអជ្ញាធរមីនកម្ពុជា និង ប្រតិបត្តិករសកម្មភាពមីនជាតិ និង អន្តរជាតិ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីរំដោះផ្ទៃដីដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីឲ្យប្រជាពលរដ្ឋយកដីទាំងនោះ ទៅប្រកបរបរកសិកម្ម រួមចំណែកកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា យោងតាមការស្រាវជ្រាវទិន្នន័យមូលដ្ឋានដែលទើបនឹងបញ្ចប់នៅឆ្នាំ ២០១២ និងការស្រាវជ្រាវបន្ថែមមួយចំនួនទៀតនៅភាគខាងកើតប្រទេស បានឲ្យដឹងថា កម្ពុជានៅមានផ្ទៃដីដែលសង្ស័យថាមានគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រាយប៉ាយពេញផ្ទៃប្រទេស ដែលត្រូវការបោសសំអាតប្រមាណ២ពាន់គីឡូម៉ែត្រក្រឡា ហើយនឹងត្រូវប្រើរយៈពេល ១៥ ឆ្នាំ ថវិកាប្រមាណ ៤៥០ លានដុល្លាអាមេរិក សម្រាប់ការ បោសសំអាត។
ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើទៅដល់ប្រតិបត្តិករដោះមីន ត្រូវយកចិត្តទុកដាក់ទៅលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុងការបោសសំអាតគ្រាប់មីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដោយស្មារតីទទួលខុសត្រូវ គុណភាព និង ប្រសិទ្ធភាពខ្ពស់ ដើម្បីផ្តល់ដីជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ក្នុងរបរកសិកម្ម ប្រកបដោយសុវត្ថិភាព។ ឯកឧត្តមក៏បានប្រគល់អំណោយជូនមន្ត្រី CMAC រួមមាន៖ មីចំនួន៧០កេស, ទឹកត្រីចំនួន ៤០យួរ, ទឹកស៊ីអ៊ីវចំនួន៤០យួរ, ទឹកសុទ្ធចំនួន៤០កេស, ទឹកក្រូចចំនួន ៣០ កេស, និង ផ្តល់ថវិកាជូនមន្ត្រី CMAC ក្នុងម្នាក់ចំនួន៤ម៉ឺនរៀល។ បន្ទាប់មកឯកឧត្តម និងអ្នករួមដំណើរក៏បានអញ្ជើញ ទៅពិនិត្យមើលសកម្មភាពកំចាត់មីននៅទីតាំង ចំការមីនផងដែរ៕