ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវលំ ០១ ខ្សែ ប្រវែង ២០០០ ម៉ែត្រ នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល  

បន្ទាប់ពីបានជួសជុលកែលម្អ និងកសាងរួចរាល់ជាស្ថាពរ ផ្លូវលំមួយខ្សែ ប្រវែង ២០០០ ម៉ែត្រ ស្ថិតនៅក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ២០១៥ ក្រោម អធិបតីភាពឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងឋានៈជាអនុប្រធានក្រុមការងារថ្នាក់ជាតិប្រចាំខេត្តកណ្តាល និងជាប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកស្អាង។

            អាជ្ញាធរឃុំត្រើយស្លា បានឲ្យដឹងថា ដោយមានការឧបត្ថម្ភថវិកាចំនួន ១៥០០០ ដុល្លារអាមេរិក ពីឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ផ្លូវលំមួយខ្សែនេះ ត្រូវបានជួលជុលកែលម្អ និងកសាងរួចរាល់ជាស្ថាពរ សំរាប់ប្រើប្រាស់ជាផលប្រយោជន៍រួម ទាំងការធ្វើដំណើរ និងការដឹកជញ្ជូនសម្ភារៈផ្សេងៗ ពិសេសកសិផល។

            ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម សែម សុវណ្ណនី ដែលបានបរិចាកថវិកាផ្ទាល់ខ្លួន ដើម្បីកសាងផ្លូវលំមួយខ្សែនេះសំរាប់ជាប្រយោជន៍រួម។ ឆ្លៀតឱកាសនេះដែរ ឯកឧត្តមក៏សូមថ្លែងអំណរគុណដល់សមាជិកក្រុមការងារថ្នាក់ជាតិប្រចាំស្រុកស្អាងទាំងអស់ ដែលបានខិតខំចំណាយពេលវេលា និងកម្លាំងកាយចិត្ត ដើម្បីជួយអភិវឌ្ឍមូលដ្ឋានស្រុកស្អាង តាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ។ ជាក់ស្តែង ផ្លូវលំមួយខ្សែនេះ គឺកើតចេញពីទឹកចិត្តដ៏សប្បុរសរបស់ឯកឧត្តម សែម សុវណ្ណនី និងការចូលរួមចំណែកជាកម្លាំងចិត្ត ស្មារតីរបស់អ្នកពាក់ព័ន្ធមួយចំនួនទៀត។ នេះគឺជាវប្បធម៌ចែករំលែក ដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រីតែងតែប្រកាន់យក។

           ថ្មីៗនេះ ក៏មានវប្បធម៌ថ្មីមួយទៀតបានកើតមានឡើងផងដែរ គឺ “វប្បធម៌សន្ទនា”។ ឯកឧត្តម សូមផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវយកវប្បធម៌នេះ ដើម្បីដោះស្រាយបញ្ហានានាដែលកើតមានឡើង ចៀសវាងការប្រើអំពើហឹង្សាក្នុងការដោះស្រាយបញ្ហា។ ចំណែកកងកម្លាំងប្រដាប់អាវុធ ក៏តោងប្រកាន់ខ្ជាប់នូវតួនាទីរបស់ខ្លួនឲ្យបានគត់មត់ គឺ ថែរក្សាការពារសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយ ចៀសវាងឲ្យខាងតែបាននូវរាល់អំពើគំរាមកំហែងលើបងប្អូនប្រជាពលរដ្ឋ។

            ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបបងប្អូនប្រជាពលរដ្ឋទៀតថា ក្រុមការងារថ្នាក់ជាតិប្រចាំស្រុកស្អាង កំពុងគិតគូ ពិចារណា និងរិះរកវិធីជួយបណ្តុះបណ្តាលជំនាញ និងបំនិនជីវិតជូនដល់យុវជននៅក្នុងស្រុកស្អាង ដើម្បីឲ្យពួកគេអាចឈោងចាប់យកមុខរបរចិញ្ចឹមជីវិតមួយច្បាស់លាស់ និងរកបាននូវប្រាក់ចំណូលខ្ពស់ជាងមុន។ ដោយសារក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានជំនាញនិងធនធានខាងកុំព្យូទ័រ ឯកឧត្តមនឹងគិតគូបណ្តុះ  បណ្តាលដល់យុវជនស្រុកស្អាងលើជំនាញកុំព្យូទ័រនេះមុនគេ។

            ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងបន្ថែមថា សុភាសិតបានពោលថា “ការឲ្យត្រីញ៉ាំ គឺ បានតែមួយពេលប៉ុណ្ណោះ ប៉ុន្តែការផ្តល់សន្ទូច និងបង្រៀនឲ្យចេះស្ទូចត្រី ទើបគង់វង្សស្ថិតស្ថេរ”។ ផ្អែកលើសុភាសិតនេះ ក្រុមការងារក៏បាន និងកំពុងគិតគូថាតើ គួរធ្វើអ្វីម្យ៉ាងដើម្បីឲ្យប្រជាពលរដ្ឋស្រុកស្អាង អាចយកជាទីពឹងផ្អែកក្នុងការបង្កើនប្រាក់ចំណូលប្រចាំថ្ងៃរបស់ខ្លួនផងដែរ។

            ជាចុងបញ្ចប់  ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងរំលឹកដល់បងប្អូនប្រជាពលរដ្ឋថា ពេលបងប្អូនបានហូបផ្លែឈើ សូមនឹកដល់អ្នកដែលដាំដើមឈើ ឬយ៉ាងហោចណាស់បើមិននឹកគុណអ្នកដែលបានដាំដើមឈើនោះទេ គឺសូមកុំបន្ទោសអ្នកដែលដាំដើមឈើនោះ។ បន្ទាប់មកឯកឧត្តមក៏បានអញ្ជើញប្រកេនចតុបច្ច័យថ្វាយជូនព្រះសង្ឃ និងចែកអំណោយជានិមិត្តរូបជូនចំពោះប្រជាពលរដ្ឋ អាជ្ញាធរ តំណាងយុវជន និងប្រជាការពារ ព្រមទាំងអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវលំមួយខ្សែដែលជាចំណងដៃថ្មីជូនអ្នកភូមិថ្កុល ចាប់ពីនេះតទៅ៕

[ptc-legacy-gallery images=”https://asset.cambodia.gov.kh/mptc/files/2015/07/276/2.jpg,https://asset.cambodia.gov.kh/mptc/files/2015/07/276/3.jpg,https://asset.cambodia.gov.kh/mptc/files/2015/07/276/4.jpg,https://asset.cambodia.gov.kh/mptc/files/2015/07/276/5.jpg,https://asset.cambodia.gov.kh/mptc/files/2015/07/276/6.jpg,https://asset.cambodia.gov.kh/mptc/files/2015/07/276/7.jpg,https://asset.cambodia.gov.kh/mptc/files/2015/07/276/8.jpg,https://asset.cambodia.gov.kh/mptc/files/2015/07/276/9.jpg,https://asset.cambodia.gov.kh/mptc/files/2015/07/276/10.jpg,https://asset.cambodia.gov.kh/mptc/files/2015/07/276/11.jpg,https://asset.cambodia.gov.kh/mptc/files/2015/07/276/12.jpg,https://asset.cambodia.gov.kh/mptc/files/2015/07/276/13.jpg,https://asset.cambodia.gov.kh/mptc/files/2015/07/276/IMG_3853.jpg,https://asset.cambodia.gov.kh/mptc/files/2015/07/276/IMG_4067_size_banner_1000x350.jpg”]

អត្ថបទផ្សេងទៀត

  • Semtararath/
    1 week

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

  • Semtararath/
    2 years

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ចំនួន ៩០នាក់ ទូទាំងខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យបាល សរុបប្រមាណ ២៥០នាក់។

  • Semtararath/
    2 years

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃថ្ងៃជ័យជម្នះ ៧ មករា នៅសួនច្បារមុខសាលមហោស្រពខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា សរុបប្រមាណ ៧៣៥០ អង្គ/នាក់​។

  • Semtararath/
    2 years

    ពិធីសម្ពោធសមិទ្ធផលថ្មី និងសំណេះសំណាលសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន កងពលថ្មើរជើងលេខ៤១ យោធភូមិភាគទី៤ នៅទីបញ្ជាការវរសេនាតូចលេខ៤១៣

  • Semtararath/
    2 years

    ពិធីបើកការដ្ឋានសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន៩២ ដើម្បីលើកកម្ពស់គុណភាពសេវា នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល

  • Semtararath/
    2 years

    ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តតាកែវ