រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉ូសវូត ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ កម្មវិធីប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ហួវៃ ឆ្នាំ២០២២-២០២៣ ដែលនិស្សិតកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ លើផ្នែក Network Track ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្រិតពិភពលោក។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោក និងលោកស្រី ជាភ្ញៀវកិត្តិយស ព្រមទាំងនិស្សិតដែលបានចូលរួមប្រកួតប្រជែងផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា កម្មវិធីប្រកួតប្រជែងនេះ ពិតជាមានសារៈសំខាន់ ដើម្បីផ្តល់ឱកាសដល់និស្សិតកម្ពុជាទទួលបានចំណេះដឹងថ្មី និងការផ្លាស់ប្តូរបទពិសោធល្អៗជាមួយនិស្សិតមកពីប្រទេសដទៃ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក្រោមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ អក្ខរកម្មឌីជីថល និងការបណ្តុះបណ្តាលជំនាញ គឺជាការងារអាទិភាពមួយដែលត្រូវបានយកចិត្តទុកដាក់ ហើយដោយមើលឃើញពីសារៈសំខាន់នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាននិងកំពុងអនុវត្ត​ លេីការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យឌីជីថល រួមមាន កម្មវិធីប្រកួតប្រជែងបញ្ញវន្តឌីជីថល (Digtial Talents) ការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា នៅគ្រប់វិទ្យាល័យទូទាំងប្រទេស ការដំណើរការ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល​ ជាដេីម។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់ស្ថាប័ន អ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមឱ្យសកម្មដើម្បីជាផ្នែកមួយក្នុងការអភិវឌ្ឍមូលធនមនុស្សឌីជីថល ដែលជាកត្តាដ៏សំខាន់ក្នុងការអនុវត្តក្របខណ្ឌគោលនយោបាយ ប្រកបដោយភាពជោគជ័យ និងប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា កម្មវិធីប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ផ្តល់កាលានុវត្តភាពជាច្រើនសម្រាប់សិស្ស-និស្សិត ជាពិសេសជំរុញលើកទឹកចិត្តឱ្យប្អូនៗចាប់យកអាជីពការងារក្នុងវិស័យឌីជីថល។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានផ្តល់កិត្តិយសប្រគល់ជូនវិញ្ញាបនបត្រទទួលស្គាល់ និងរង្វាន់ជូនដល់និស្សិតជ័យលាភីផងដែរ។

សូមជម្រាបជូនថា តាមរបាយការណ៍នៅក្នុងឆ្នាំ២០២៣ មាននិស្សិតប្រមាណជាង ១២០០០នាក់ ដែលអញ្ជើញមកពីសាកលវិទ្យាល័យ២០០០ នៃប្រទេសចំនួន ៧៤ បានដាក់ពាក្យចូលរួមប្រកួតប្រជែង ហើយសម្រាប់កម្ពុជា មាននិស្សិតជាច្រើននាក់មកពីសាកលវិទ្យាល័យធំៗបានបង្ហាញការចាប់អារម្មណ៍កម្មវិធីនេះ។ ទន្ទឹមនឹងនេះនិស្សិត ៦នាក់ មកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានជាប់ចូលទៅប្រកួតក្នុងកម្រិតតំបន់នៅប្រទេសឥណ្ឌូនេស៊ី ហើយមាននិស្សិត៣នាក់ ត្រូវជ្រើសរើសឱ្យចូលរួមប្រកួតប្រជែងកម្រិតពិភពលោក នៅទីក្រូស៊ិនជិន នៅសាធារណរដ្ឋប្រជាមានិតចិន។ ជាលទ្ធផល​ និស្សិតកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ លើផ្នែក Network Track ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្រិតពិភពលោក។

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

  • សេចក្តីជូនដំណឹង៖ លទ្ធផលការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល (CADT, RUPP, ITC, NUM, AUPP, PIU) សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤

  • លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី “ការត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ យន្តការរាយការណ៍ និងដកហូត”