,

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការប្រកួតថ្នាក់ជាតិតិចណូវេសិន (Technovation) ឆ្នាំ២០២៣

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការប្រកួតថ្នាក់ជាតិតិចណូវេសិន ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាយកប្រតិបត្តិ Tech For Kids Academy លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស-និស្សិត។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានក្តីសប្បាយរីករាយដែលបានចូលរួមបើកកម្មវិធីការប្រកួតថ្នាក់ជាតិតិចណូវេសិន ឆ្នាំ២០២៣ ដែលជាកម្មវិធីបណ្តុះបណ្តាលនិងប្រកួតប្រជែងរយៈពេល ១២សប្តាហ៍ ផ្នែកសហគ្រិនភាពបច្ចេកវិទ្យាសកលលោក ដែលមានគោលបំណងលើកកម្ពស់ដល់សិស្សជាកុមារី ឬយុវនារី ចាប់ពីអាយុ ៨ ដល់ ១៨ឆ្នាំ ឱ្យចេះធ្វើការជារក្រុម ចូលរួមបង្កើតច្នៃប្រឌិត និងរកដំណោះស្រាយថ្មីៗឆ្លើយតបទៅនឹងបញ្ហានានាដោយប្រើបច្ចេកវិទ្យាឌីជីថល និងគំនិតសហគ្រិនភាព។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ហើយយុទ្ធសាស្ត្រសំខាន់មួយគឺ ផ្តោតលើ “ការកសាងធនធានមនុស្សឌីជីថល” ដែលជាធនធានក្នុងការជំរុញដល់ការចាប់យកឌីជីថលលើគ្រប់វិស័យ ដើម្បីបង្កើនផលិតភាពនិងកំណើនសេដ្ឋកិច្ច សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរដល់កុមារី ២ក្រុម ដែលបានឆ្លងផុតវគ្គជម្រុះកម្រិតពិភពលោកដំណាក់កាលទីមួយ ឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយបានជូនពរដល់សិស្សានុសិស្សទាំងអស់ ទទួលបានសំណាងល្អ សុខភាពល្អ និងជោគជ័យក្នុងការប្រកួតថ្នាក់ជាតិ ព្រមទាំងការប្រកួតប្រជែងក្នុងកម្រិតពិភពលោក។

សូមជម្រាបជូនថា កម្មវិធីតិចណូវេសិន (Technovation) ២០២៣ សហការរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងអប់រំយុវជននិងកីឡា និង Tech For Kids Academy ព្រមទាំងមានការឧបត្ថម្ភពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងក្រុមហ៊ុន Smart Axiata ដែលជាកម្មវិធីប្រកួតប្រជែងផ្តោតសំខាន់ទៅលើការលើកទឹកចិត្តកុមារី ឬយុវតី ក្នុងវិស័យបច្ចេកវិទ្យា និងធុរកិច្ច តាមរយៈកម្មវិធីបណ្តុះបណ្តោល ការអភិវឌ្ឍកម្មវិធីទូរសព្ទ (Mobile App) និង សហគ្រិនភាព ដល់កុមារីនិងយុវតី។ កម្មវិធីតិចណូវេសិន ២០២៣ បានប្រកាសបើកជាផ្លូវការ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់មកសមាគមន៍ Technovation Cambodia ក៏បានរៀបចំការបង្រៀនរយៈពេល ១២សប្តាហ៍ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលក្នុងនោះ មានក្រុមនារី ១៩ក្រុម សរុប ២៥៧នាក់ មកពី ៦៦សាលា រដ្ឋនិងឯកជន មកពី ១៥ ខេត្តក្រុង និង ៩ក្លឹប ព្រមទាំងគ្រូបង្គោល ៤៥នាក់។ មិនតែប៉ុណ្ណោះនៅតាមបណ្តាខេត្តគោលដៅរបស់ Technovation ដូចជាខេត្តកំពង់ចាម និងបាត់ដំបង ក៏បានបង្រៀនទៅក្រុមសិស្សនារីដោយមានការណែនាំពីគ្រូបង្គោលផងដែរ។


ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh

អត្ថបទផ្សេងទៀត

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

  • សេចក្តីជូនដំណឹង៖ លទ្ធផលការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល (CADT, RUPP, ITC, NUM, AUPP, PIU) សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤

  • លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី “ការត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ យន្តការរាយការណ៍ និងដកហូត”

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមកម្មវិធី Lao Digital Week 2024 នៅទីក្រុងវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ចំនួន ៩០នាក់ ទូទាំងខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យបាល សរុបប្រមាណ ២៥០នាក់។

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃថ្ងៃជ័យជម្នះ ៧ មករា នៅសួនច្បារមុខសាលមហោស្រពខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា សរុបប្រមាណ ៧៣៥០ អង្គ/នាក់​។