កាលពី​រសៀល​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ឯកឧត្តម ប្រាក់ សុខុន បាន​ដឹកនាំ​គណៈប្រតិភូ​ជា​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ អញ្ជើញ​ចូលរួម​សម្តែង​សមាន​ទុក្ខ នៅ​ស្ថានទូត​បាំ​រាំង​ប្រចាំ​នៅ​កម្ពុជា សម្រាប់​អំពើ​ភេរវកម្ម​វាយប្រហារ​ទៅលើ​ទីភ្នាក់ងារសារព័ត៌មាន​បារាំង ឈ្មោះថា Charlie Hebdo ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥ កន្លងមក បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ ១២ រូប និង​រងរបួស ១១ រូប។

នៅក្នុង​ឱកាស​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​សរសេរ​នៅលើ​សៀវភៅ​កំណត់ត្រារបស់ស្ថានទូតបារាំង ថា យើងខ្ញុំ​ទាំងអស់គ្នា​បានទទួល​ដំណឹង​ជាមួយនឹង​ភាព​ក្រៀមក្រំ និង​ខ្លោចផ្សា​ជា​ពន់ពេក អំពី​ការវាយប្រហារ​ជា​បន្តបន្ទាប់​មកលើ​សារព័ត៌មាន Charlie Hebdo នា​សប្តាហ៍​កន្លងទៅ។ ការវាយប្រហារ​នេះ គឺជា​សកម្មភាព​ភេរវកម្ម​ដ៏​សាហាវ ដែល​យើង​ធ្វើការ​ថ្កោលទោស និង​ចាត់ទុកថា ជាការ​វាយប្រហារ​ប្រឆាំងនឹង​សិទ្ធិសេរីភាព​សារព័ត៌មាន រួមទាំង​គោលការណ៍​ប្រជាធិបតេយ្យ។ ក្នុងឱកាស​ដ៏​ក្រៀមក្រំ​នេះ យើងខ្ញុំ​សូម​សំដែង​ការចូលរួម​រំលែក​ទុក្ខ ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ និង​អ្នករងរបួស ព្រមទាំង​សូម​សម្តែង​នូវ​ភាតរភាព​ដ៏​រឹង​ម៉ាំ ជាមួយ​ប្រជាជន​បារាំង ក៏ដូចជា​ប្រទេស​បារាំង​ផងដែរ៕
 

អត្ថបទជាប់ទាក់ទង

  • ពិធីប្រគល់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០១៥ និងគម្រប់ខួប ១៥០ ឆ្នាំរបស់សហភាពទូរគមនាគមន៍អន្តរជាតិ ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៥

  • ពិធីប្រគល់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានកម្ពុជាឆ្នាំ២០១៥និងគម្រប់ខួប១៥០ឆ្នាំរបស់សហភាពទូរគមនាគមន៍អន្តរជាតិរាជធានីភ្នំពេញថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៥

  • ពិធីដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការតាមប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៥