នៅក្នុងឱកាសចុះបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូអង្គភាពសម្ព័ន្ធមេត្រីភាព រួមមានមន្ត្រីក្រោមឱវាទក្រសួង ព្រមទាំងអ្នកឧកញ៉ា ម៉ក់ គីមហុង អគ្គនាយកក្រុមហ៊ុនសុភក្តិនីកា អ៊ិនវេសមិនគ្រុប ខូអិលធីឌី បានអញ្ជើញសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហានកងវរសេនាតូចលេខ ៤១១ ចំណុះកងពលតូចថ្មើរជើងលេខ៤១។
ឧត្តមសេនីយទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានគូសបញ្ជាក់ថា អង្គភាពវរសេនាតូចលេខ ៤១១ ជាអង្គភាពរៀបរយមានកិច្ចអន្តរាគមន៍ ជួយតាម បណ្តាទិសក្នុងសមរភូមិទិសយោធភូមិភាគទី៤។ បច្ចុប្បន្នសភាពការណ៍នៅតាមបណ្តោយខ្សែបន្ទាត់ព្រុំដែនកម្ពុជា‑ថៃ មានភាពស្ងប់ស្ងាត់ ដោយកងកំលាំងយើង និងកងកំលាំងភាគីថៃ មានទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរួមគ្នាបានល្អប្រសើរ។ ទន្ទឹមនឹងនោះ គណៈកម្មការព្រំដែននៃប្រទេសទាំងពីរ ក៏បានធ្វើការផ្លាស់ប្តូរវេនគ្នា ធ្វើជាម្ចាស់ផ្ទះក្នុងការដឹកនាំកិច្ចប្រជុំ ថ្នាក់យោធភូមិភាគឲ្យដំណើរការបានយ៉ាងរលូន ប្រកបដោយស្មារតីយោគយល់គ្នា និងបង្កើតកិច្ចសហប្រតិបត្តិការកសាងតំបន់ព្រំដែន ក្លាយជាព្រំដែនមានសន្តិភាព និងការ អភិវឌ្ឍលើគ្រប់វិស័យ។
ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំអង្គភាពសម្ព័នមេត្រីភាព ឯកឧត្តមសូមសម្តែងនូវការកោតសរសើរ និងដឹងគុណដ៏ជ្រាលជ្រៅចំពោះវីរៈភាព ដ៏អង់អាច ក្លាហាន របស់នាយទានហាន នាយទាហានរង និងពលទានហាននៃកងវរសេនាតូចលេខ៤១១ ដែលបានធ្វើពលីកម្មដ៏ធំធេងក្នុងបុព្វហេតុការពារអធិបតេយ្យ និង បូរណភាពដែនដី ព្រមទាំងមានទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយកងកំលាំងភាគីថៃ ធ្វើឲ្យសភាពការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា‑ថៃក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា ដើម្បីចូលរួមចំណែក រំលែក និងសំរាល ការលំបាកនានា ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនកងទ័ព និង ក្រុមគ្រួសារកងទ័ព ឯកឧត្តម តែងបានខិតខំកៀរគរនូវអំណោយ ពីសប្បុរសជន ទាំងអង្គភាពរដ្ឋ និងឯកជន យកមកជួយឧបត្ថម្ភគាំទ្រ ស្របតាមវប្បធម៌ចែករំលែក ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាពរវាងអង្គភាពទាំងបី គឺក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រុមហ៊ុនឯងជន, និងកងវរសេនាតូចលេខ ៤១១ ឲ្យកាន់តែជិតស្និទ្ធ និងល្អប្រសើរឡើង។
ឯកឧត្តម ប្រាក់ សុខុន ក៏បានចែកអំណោយជូនកងទ័ព និង ក្រុមគ្រូសារកងទ័ពនៃ កងវីរសេនាតូចលេខ ៤១១ រួមមាន៖ អង្ករចំនួន៧០០គីឡូក្រាម, មី១២៥កេស, ត្រីខកំប៉ុង ៧១៣កំប៉ុង, ទឹកស៊ីអ៊ីវ៤៤យួរ, ទឹកត្រី៤៤យួរ, ប្រេងឆា១៧៨ដប, និងស្ករស៤០០គីឡូក្រាម។ ព្រមទាំងជូនគ្រួសារកងទ័ពចំនួន៦៩គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិការចំនួន ៨ ម៉ឺនរៀល។ បន្ទាប់មកឯកឧត្តមរដ្ឋមន្ត្រីក៏បានចូលរួមដាំកូនឈើក្នុងអង្គភាពកងវីរសេនាតូចលេខ ៤១១ ផងដែរ៕