រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិត នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម Jacques PELLET អគ្គរាជទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា តំណាងដៃគូអភិវឌ្ឍន៍ សាស្ត្រាចារ្យ ព្រមទាំងអាណាព្យាបាលនិស្សិតជាច្រើនកុះករ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ រួមជាមួយគ្រួសារ អាណាព្យាបាល ព្រមទាំងសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបង្រៀនរបស់សាស្ត្រាចារ្យ និងការខិតខំសិក្សារបស់និស្សិត ក្នុងរយៈពេល៤ឆ្នាំកន្លងមក រហូតសម្រេចលទ្ធផលដ៏គួរជាទីមោទនៈ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកសាងពលរដ្ឋឌីជីថល ដើម្បីជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថលជាឃ្នាស់ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។

ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក្នុងនាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាសេនាធិការបច្ចេកទេសរបស់រាជរដ្ឋាភិបាល និងជាស្ថាប័នដឹកនាំសម្របសម្រួលគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានដាក់ចេញនូវសកម្មភាពការងារជាអាទិភាពចំពោះមុខ ជាអាទិ៍ ការពង្រឹងគុណភាពសេវានិងពង្រីកវិសាលភាពគ្របដណ្តប់នៃសេវាទូរសព្ទនិងអ៊ីនធឺណិត ការពង្រឹងកិច្ចនិយ័តកម្មលើប្រតិបត្តិករក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ជាពិសេស ការបង្កើនមូលធនមនុស្សឌីជីថល តាមរយៈការអប់រំ ការបណ្តុះបណ្តាល ការលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថលជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា និស្សិតជ័យលាភីថ្ងៃនេះនឹងទទួលបានឱកាសច្រើនក្នុងការប្រើប្រាស់ចំណេះដឹងនិងចំណេះធ្វើរបស់ខ្លួនដើម្បីបញ្ចេញស្នាដៃប្រកបដោយគំនិតនវានុវត្តន៍ និងភាពច្នៃប្រឌិត ចូលរួមផ្តល់ដំណោះស្រាយក្នុងវិស័យសំខាន់ ដូចជា វិស័យសុខាភិបាល អប់រំ ហិរញ្ញវត្ថុ រដ្ឋបាលសាធារណៈ និងអភិបាលកិច្ចក្នុងការផ្តល់សេវាសាធារណៈឌីជីថលផងដែរ។

ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើនិស្សិតជ័យលាភីទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពបន្ថែម ស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ ព្រមទាំងត្រូវបំពេញការងារដោយយកចិត្តទុកដាក់ ទំនួលខុសត្រូវខ្ពស់ និងមានក្រមសីលធម៌ល្អ ដើម្បីជាប្រយោជន៍ដល់ក្រុមហ៊ុន-សហគ្រាស ដែលខ្លួនបម្រើការងារផង និងដល់សង្គមជាតិ ក៏ដូចជាអនាគតដ៏ត្រចះត្រចង់របស់ខ្លួន ជាពិសេស ត្រូវធ្វើជាយុវជនគំរូ និងជារៀមច្បងដែលមានវប្បធម៌ចែករំលែកចំណេះដឹងនិងបទពិសោធដល់សិស្សប្អូនជំនាន់ក្រោយ កសាងទំនាក់ទំនងល្អនិងមានសាមគ្គីភាពជាមួយនឹងមិត្តដែលសិក្សារួមជំនាន់។

អត្ថបទជាប់ទាក់ទង

  • ការចូលរួមគោរពទង់ជាតិ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សប្ដាហ៍ទី៣ ខែមករា ឆ្នាំ២០២៤

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

  • សេចក្តីជូនដំណឹង៖ លទ្ធផលការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល (CADT, RUPP, ITC, NUM, AUPP, PIU) សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤