រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារ Raffles Hotel Le Royal ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងការបើកកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់រយៈពេលបីថ្ងៃ ស្តីពី “ការវាយតម្លៃកម្រិតសន្តិសុខសាយប័រ” នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ ដោយមានការអញ្ជើញចូលរួមពីលោក YANAGAWA Shinji មន្ត្រីជាន់ខ្ពស់ទីភ្នាក់ងារ JICA ប្រចាំកម្ពុជា Dr. Michael Hugh GOLDSMITH នាយក Global Cyber Security Capacity Centre, រួមជាមួយក្រុមអ្នកជំនាញពីសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សាកលវិទ្យាល័យ មន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអ្នកជំនាញជប៉ុន។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងសិក្សាវាយតម្លៃកម្រិតសន្តិសុខសាយប័ររបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការជួបពិភាក្សាប្រមូលធាតុចូលជាមួយសាកលវិទ្យាល័យ ក្រសួង-ស្ថាប័នរដ្ឋ និងឯកជនពាក់ព័ន្ធ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានបញ្ជាក់ថា ការលើកកម្ពស់កម្រិតសន្តិសុខសាយប័ នឹងចូលរួមចំណែកធ្វើឱ្យលំហសាយប័ររបស់កម្ពុជាកាន់តែមានភាពធន់ខ្ពស់ សុវត្ថិភាព និងភាពជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ ធុរកិច្ចជន និងមន្រ្តីសាធារណៈ ហើយក៏នឹងចូលរួមចំណែកជាមួយដៃគូសហប្រតិបត្តិការសន្តិសុខសាយប័រក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ដើម្បីរួមគ្នាឆ្លើយតបប្រកបដោយប្រសិទ្ធិភាពនិងទាន់ពេលវេលាលើឧប្បត្តិហេតុសាយប័រ ដែលមានលក្ខណៈកាន់តែស្មុគស្មាញ និងគ្មានព្រំដែនកំណត់។

ការលើកកម្ពស់កម្រិតសន្តិសុខសាយប័រ តម្រូវឱ្យមានការសិក្សាវាយតម្លៃមួយអំពីស្ថានភាពបច្ចុប្បន្ន និងការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍសមត្ថភាពសន្តិសុខសាយប័រ ដោយផ្អែកលើគំរូរង្វាស់សន្តិសុខសាយប័រ (Cybersecurity Capacity Maturity Model) ដែលត្រូវបានប្រើប្រាស់ជាអន្តរជាតិ។ ការវាស់វែងនេះ នឹងផ្តល់ឱ្យយើងនូវទិន្នន័យជាលក្ខណៈវិទ្យាសាស្រ្តសម្រាប់៖ ១)ការកំណត់ច្បាស់នូវស្ថានភាពបច្ចុប្បន្ន ធៀបនឹងប្រទេសក្នុងតំបន់និងអន្តរជាតិ, និង ២)ការកំណត់នូវគោលដៅ យុទ្ធសាស្រ្ត សកម្មភាព និងមធ្យោបាយ ក្នុងដំណើរអភិវឌ្ឍសមត្ថភាព និងការគ្រប់គ្រងហានិភ័យក្នុងលំហសាយប័រកម្ពុជា ទៅតាមដំណាក់កាល ស្របនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាជាតិ, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ ។

ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹមថាកិច្ចប្រជុំនេះនឹងមានការចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សា ព្រមទាំងផ្ដល់ធាតុចូលជាក់ស្តែង ដែលនឹងអាចប្រើប្រាស់ជាចំណុចចាប់ផ្ដើមដ៏មានសារៈសំខាន់នៅក្នុងដំណើរការលើកកម្ពស់ភាពធន់សន្តិសុខសាយប័ររបស់ព្រះរាជាណាចក្រកម្ពុជា។

អត្ថបទជាប់ទាក់ទង

  • ការចូលរួមគោរពទង់ជាតិ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សប្ដាហ៍ទី៣ ខែមករា ឆ្នាំ២០២៤

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

  • សេចក្តីជូនដំណឹង៖ លទ្ធផលការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល (CADT, RUPP, ITC, NUM, AUPP, PIU) សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤