រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ Fairfield by Marriott Phnom Penh ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “Cyber Bootcamp Cambodia” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣-២៧ ខែតុលា ឆ្នាំ២០២៣ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញផ្នែកគោលនយោបាយនិងផ្នែកបច្ចេកទេសសន្តិសុខសាយព័រ មកពីបណ្តាអង្គភាព ក្រសួង-ស្ថាប័នរដ្ឋ សរុបប្រមាណ ២០រូប។
![](https://asset.cambodia.gov.kh/mptc/media/i4GqmPkf-photo_2023-12-07_09-56-15-1024x682.jpg)
![](https://asset.cambodia.gov.kh/mptc/media/afMK9LP6-photo_2023-12-07_09-56-23-1024x682.jpg)
![](https://asset.cambodia.gov.kh/mptc/media/OlHuP5XG-photo_2023-12-07_09-56-26-1024x682.jpg)
![](https://asset.cambodia.gov.kh/mptc/media/CE2OVoi1-photo_2023-12-07_09-56-28-1024x682.jpg)
![](https://asset.cambodia.gov.kh/mptc/media/tTKig28E-photo_2023-12-07_09-56-31-1024x682.jpg)
![](https://asset.cambodia.gov.kh/mptc/media/0FMo9D9k-photo_2023-12-07_09-56-34-1024x682.jpg)
![](https://asset.cambodia.gov.kh/mptc/media/wTTcgtm2-photo_2023-12-07_09-56-36-1024x682.jpg)
សិក្ខាសាលានេះរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយសាកលវិទ្យាល័យជាតិអូស្ត្រាលី ក្នុងគោលបំណងបន្តជំរុញពង្រឹងសមត្ថភាពផ្នែកសន្តិសុខសាយប័រដល់តួអង្គពាក់ព័ន្ធឱ្យបានត្រៀមខ្លួនជាមុនក្នុងការគ្រប់គ្រង ទប់ស្កាត់ និងឆ្លើយតបទៅនឹងបញ្ហាសន្តិសុខឌីជីថលឱ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលា ព្រមទាំងចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានមានប្រសាសន៍ថា សិក្ខាសាលានេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីកសាងមូលធនមនុស្សផ្នែកសន្តិសុខសាយប័រដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងការប្រើប្រាស់បច្ចេកវិទ្យា។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា សិក្ខាសាលានេះ បានផ្តោតលើប្រធានបទសំខាន់ៗដូចជា ទិដ្ឋភាពគំរាមកំហែងសន្តិសុខតាមអ៊ីនធឺណិតដែលយើងកំពុងប្រឈមមុខ ការការពារទិន្នន័យសម្រាប់សេដ្ឋកិច្ចនាពេលអនាគត ការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ការទូតអន្តរជាតិ និងកិច្ចសហប្រតិបត្តិការលើសុវត្ថិភាពអ៊ីនធឺណិត ព្រមទាំងវិធីសាស្រ្តផ្អែកលើសិទ្ធិមនុស្សចំពោះសុវត្ថិភាពអនឡាញក្នុងការងារប្រចាំថ្ងៃផងដែរ។