ដេីម្បីចូលរួមជាមួយនឹងក្រសួង-ស្ថាប័នទាំងអស់ ក្នុងសកម្មភាពពហុវិស័យរបស់រាជរដ្ឋាភិបាលចំពោះការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ ចរាចរណ៍គ្រឿងញៀន នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការចូលរួមបញ្ចប់ជំងឺអេដស៍នៅកម្ពុជាឆ្នាំ២០២៥ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ ចរាចរណ៍គ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍” ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង លោក លី សុវណ្ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តចំនួន៧ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ព្រមទាំងសាខាប្រតិបត្តិករផ្តល់សេវាប្រៃសណីយ៍ និងក្រុមហ៊ុនផ្ដល់សេវាអុីនធឺណិត (ISP) សរុបប្រមាណ ៧០រូប។
![](https://asset.cambodia.gov.kh/mptc/media/photo_2023-12-07_10-00-27-1024x650.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-12-07_10-00-35-1024x550.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-12-07_10-00-38-1024x691.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-12-07_10-00-41-1024x749.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-12-07_10-00-44-1024x666.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-12-07_10-00-46-1024x682.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-12-07_10-00-49-1024x685.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-12-07_10-00-52-1024x648.jpg)
![](https://asset.cambodia.gov.kh/mptc/media/photo_2023-12-07_10-00-54-1024x797.jpg)
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកផ្តល់ចំណេះដឹងជូនសិក្ខាកាម ជាមន្ត្រីរាជការមកពីមន្ទីរ ប.ទ.ខេត្ត សាខាប្រតិបត្តិករផ្តល់សេវាប្រៃសណីយ៍ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ស្តីពីការឆ្លង ការការពារ ការថែទាំ ការព្យាបាលអ្នកផ្ទុកមេរោគអេដស៍ និងផលវិបាកគ្រោះថ្នាក់ និងឥទ្ធិពលនៃគ្រឿងញៀនមកលើក្រុមគ្រួសារនិងសង្គមជាតិ និងដើម្បីបន្តផ្សព្វផ្សាយនិងលើកទឹកចិត្តដល់សិក្ខាកាមដែលបានចូលរួមទាំងអស់ឱ្យបង្កើនការគាំទ្រចូលរួមបញ្ចប់អេដស៍ឱ្យបាននៅឆ្នាំ២០២៥ និងទប់ស្កាត់ការចរាចរណ៍គ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ សំដៅឆ្លើយតបតាមផែនការនិងទិសដៅក្នុងការទប់ស្កាត់ការឆ្លងជំងឺអេដស៍និងការប្រើប្រាស់គ្រឿងញៀនរបស់រាជរដ្ឋាភិបាល។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង បានមានប្រសាសន៍ថា សិក្ខាកាមដែលបានចូលរួមនៅថ្ងៃនេះ គឺជាសកម្មជន ជាចលករ ចូលរួមបញ្ចប់ជំងឺអេដស៍ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ និងចរាចរណ៍គ្រឿងញៀន ក្នុងការត្រួតពិនិត្យនិងរិតបន្តឹងការទទួលកញ្ចប់បញ្ញើ ដែលក្រុមហ៊ុនរបស់ខ្លួនកំពុងតែបម្រើសេវាលើបញ្ញើប្រៃសណីយ៍ ព្រមទាំងបានស្នើដល់ លោក លោកស្រី ជាតំណាងប្រតិបត្តិករប្រៃសណីយ៍ ត្រូវយកចំណេះដឹងនេះ ដើម្បីបន្តគាំទ្រសកម្មភាពជួយសង្គម តាមការផ្សព្វផ្សាយចែករំលែកបន្ត។
ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់វាគ្មិនដែលបានចំណាយពេលក្នុងការចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ថ្មីៗពាក់ពន្ធ័នឹងជំងឺអេដស៍និងគ្រឿងញៀន ជូនសិក្ខាកាម ជាមន្ត្រីរាជការមកពីមន្ទីរ ប.ទ.ខេត្ត សាខាប្រតិបត្តិករផ្តល់សេវាប្រៃសណីយ៍ និងក្រុមហ៊ុនផ្ដល់សេវាអ៉ិនធើណិតដើម្បីសហការនិងអនុវត្តឱ្យមានប្រសិទ្ធភាពផងដែរ។