រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួង ចូលជួបប្រជុំ និងរាយការណ៍ការងារជូន លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) និងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៃគណៈកម្មការទាំង១០ នៃរដ្ឋសភា។ ជំនួបនេះ រៀបចំឡេីងក្នុងគោលបំណងដើម្បីឈ្វេងយល់និងពិភាក្សាអំពីការវិវឌ្ឍ បញ្ហាប្រឈមជាទូទៅរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងទិសដៅការងារទៅថ្ងៃអនាគត។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពការងាររបស់ក្រសួង ក្នុងការកំណែទម្រង់ផ្ទៃក្នុងក្រសួង ការរៀបចំគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យរបស់ក្រសួង ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការលើកកម្ពស់គុណភាពសេវាទូរសព្ទចល័តតាមរយៈការសាងសង់ស្ថានីយអង់តែន ការធ្វើឱ្យសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់។ ជាមួយគ្នានេះ […]
Category: ឯកសាររូបភាព

ខេត្តកោះកុង៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សាន់ សារី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន ត្រូវជាម្តាយក្មេករបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានទទួលមរណភាពនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ នៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការ និយោជិត នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន បានទៅកាន់សោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ប្រទេសថៃ៖ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមវេទិកានាយកប្រតិបត្តិប្រៃសណីយ៍ និងវេទិកាធុរកិច្ចប្រៃសណីយ៍លើកទី១០ ដែលរៀបចំដោយសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (APPU) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។ វេទិកានេះ មានការចូលរួមពីអ្នកធ្វើគោលនយោបាយ ថ្នាក់ដឹកនាំធុរកិច្ច អ្នកស្រាវជ្រាវ ប្រតិបត្តិករប្រៃសណីយ៍ និងអ្នកផ្គត់ផ្គង់សេវាពាក់ព័ន្ធប្រៃសណីយ៍ជាច្រើនរូប ព្រមទាំងមានការដាក់តាំងពិព័រណ៍ដំណោះស្រាយថ្មីៗ ដែលប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ពីបណ្តាក្រុមហ៊ុននានា។ នៅក្នុងវេទិកាធុរកិច្ចនេះដែរ ក៏មានការធ្វើបទបង្ហាញនិងកិច្ចពិភាក្សាដើម្បីចែករំលែកព័ត៌មាន និងបទពិសោធអំពី (១)ការវិវត្តនៃទីផ្សារប្រៃសណីយ៍ និងកាលានុវត្តភាពនៅក្នុងយុគសម័យឌីជីថល (២)ការអភិវឌ្ឃជំនាញ ការធ្វើពិពិធកម្ម និងបរិយាបន្ននៃកម្លាំងពលកម្មក្នុងវិស័យប្រៃសណីយ៍ (៣) នវានុវត្តន៍ជាមួយបរិវត្តកម្មឌីជីថលដើម្បីពង្រឹងភាពធន់ក្នុងវិស័យប្រៃណីយ៍ (៤)កិច្ចសហការ និងសហប្រតិបត្តិការក្នុងតំបន់ (៥)បញ្ហាប្រឈមនិងដំណោះស្រាយលើផ្នែកឡូជីស្ទិកសម្រាប់គាំទ្រដល់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និង(៦) តួនាទីរបស់ធុរកិច្ចថ្មីឌីជីថលក្នុងប្រព័ន្ធអេកូឡូហ្ស៊ីប្រៃសណីយ៍។ ក្នុងឱកាសនោះដែរ គណ:ប្រតិភូកម្ពុជាបានជួបប្រជុំជាមួយលោកអគ្គលេខាធិការនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក(APPU) ដើម្បីពិភាក្សាការងារ ពិសេសការត្រៀមសម្រាប់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាប្រតិបត្តិនៃសហភាព APPU ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៤។

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតឱ្យឯកឧត្តម Takahashi Fumiaki និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការងារសហប្រតិបត្តិ និងការងារអាទិភាពរបស់ក្រសួង។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម Takahashi Fumiaki និងគណៈប្រតិភូ និងបានជម្រាបជូនអំពីការងារអាទិភាពរបស់ក្រសួងដែលរួមមាន៖ (១) ការលើកកម្ពស់ការផ្តល់សេវាទូរសព្ទ និងអ៊ីនធឺណិត តាមរយៈការសាងសង់បង្គោលអង់តែនបន្ថែម (២) ការលើកកម្ពស់រដ្ឋាភិបាលឌីជីថលនៅតាមគ្រប់ក្រសួង-ស្ថាប័នរបស់រដ្ឋាភិបាល (៣) ការលើកកម្ពស់អក្ខរកម្មឌីជីថលទៅដល់អ្នកប្រើប្រាស់ និងអភិវឌ្ឍធនធានមនុស្សជំនាញឌីជីថលនៅកម្ពុជា។ ឯកឧត្តម Takahashi Fumiaki បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានទទួលជួបប្រជុំជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា។ ឯកឧត្តម Takahashi Fumiaki ក៏បានជម្រាបជូនពីឯកទេសពិសេសរបស់ក្រុមហ៊ុនជប៉ុនពាក់ព័ន្ធនឹងការផ្តល់សេវាទៅកាន់អ្នកប្រើប្រាស់ ដែលក្នុងនោះមានសមាជិករបស់សមាគមដែលជាក្រុមហ៊ុនបណ្ដុះបណ្ដាលជំនាញ ក្រុមហ៊ុនអភិវឌ្ឍកម្មវិធីផ្តល់ព័ត៌មានតំបន់ ដើម្បីជំរុញកំណើនទេសចរណ៍ និងទាក់ទាញការវិនិយោគ ព្រមទាំងក្រុមហ៊ុនដែលមានបច្ចេកវិទ្យាថ្មីសាងសង់ផ្លូវថ្នល់ដោយប្រើដីលាយបេតុង ដោយកាត់បន្ថយចំណាយប្រហែល៦០% បើធៀបនឹងផ្លូវបេតុងសុទ្ធ។ គណៈប្រតិភូជប៉ុន ក៏បានបញ្ជាក់បន្ថែមថា សមាគមជប៉ុន-កម្ពុជា នឹងបើកការិយាល័យនៅកម្ពុជានៅខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីជួយសម្រួលដល់ទំនាក់ទំនងរវាងក្រុមហ៊ុនជប៉ុននៅកម្ពុជា និងសមាជិកនៅប្រទេសជប៉ុន។ […]

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល លោកជំទាវ ទន សុគន្ធា អនុរដ្ឋលេខាធិការនិងជានាយិកាខុទ្ទកាល័យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញប្រគល់កុំព្យូទ័រ៥០គ្រឿង ជូនសាលាភូមិន្ទរដ្ឋបាល តំណាងដោយឯកឧត្តម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល។ នៅក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា កាលពីឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញផ្តល់បាឋកថាស្តីពី “កម្ពុជា៖ ដំណើរឆ្ពោះទៅរកការធ្វើបរិវត្តកម្មឌីជីថល” ជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមរដ្ឋមន្ត្រី ពិនិត្យឃើញថាសាលាភូមិន្ទរដ្ឋបាលមានតម្រូវការក្នុងការបង្រៀនលើជំនាញបច្ចេកវិទ្យាឌីជីថល ហើយសម្រេចផ្តល់កុំព្យូទ័រ ៥០គ្រឿង។ លោកជំទាវអនុរដ្ឋលេខាធិការ បានបន្ថែមថា ចំពោះសម្ភារៈ ដែលបានប្រគល់ជូននៅពេលនេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់សាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណងជំរុញការងារបណ្តុះបណ្តាលដល់សិស្សមន្រ្តី និងកម្មសិក្សាការីលើជំនាញបច្ចេកវិទ្យាឌីជីថល។ លោកជំទាអនុរដ្ឋលេខាធិការ បានបន្ថែមថា ចំពោះកុំព្យូទ័រ ៥០គ្រឿងដែលបានប្រគល់ជូននៅពេលនេះ ជាប្រភេទកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ ដើម្បីឆ្លើយតបនឹងការរៀនដែលមានភាពស្មុគស្មាញរបស់មុខវិជ្ជានីមួយៗ។ លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះសាលាភូមិន្ទរដ្ឋបាល ដែលបានរួមចំណែកយ៉ាងសកម្ម លើការលើកកម្ពស់ ពង្រឹងសមត្ថភាពដល់សិស្សមន្រ្តី និងកម្មសិក្សាការី ឱ្យមាន ចំណេះដឹង ចំណេះធ្វើ និងវិជ្ជាជីវៈយ៉ាងពិតប្រាកដដើម្បីបម្រើការងារក្នុងវិស័យសាធារណៈ និងជាធនធានមនុស្សសំខាន់ក្នុងការចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]

ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក យស់ សុធា ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តព្រះសីហនុ សហការជាមួយវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ” ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាគ្រូឧទ្ទេស និងលោក ចន ចន្ធី មន្ត្រីជំនាញនៃវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ជាគ្រូឧទ្ទេស ដើម្បីផ្តល់ចំណេះដឹងជូនមន្រ្តីរាជការដែលអញ្ជើញមកពី រដ្ឋបាលខេត្ត មន្ទីរនិងអង្គភាពនានាជុំវិញខេត្តព្រះសីហនុ សរុបប្រមាណ ៨៦នាក់។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមជូនដល់មន្ត្រីរាជការអំពីកម្មវិធីផលិតភាពរបស់ទូរសព្ទដៃ ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងសុវត្ថិភាពទាំងលើឧបករណ៍ និងលើប្រព័ន្ធអ៊ីនធឺណិត ក្នុងការប្រកបវិជ្ជាជីវៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យាឌីជីថលនៅលើគ្រប់វិស័យ ជាពិសេសចូលរួមក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

(ភ្នំពេញ): ដើម្បីចៀសវៀងការឆ្លងរំខាន ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពសេវាទូរសព្ទចល័ត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានធ្វើយុទ្ធនាការចុះរុះរើ បញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំង និង/ឬ ឧបករណ៍ពង្រីកសេវា ( Booster/Repeater) ជាបន្តបន្ទាប់នៅតាមបុរីក្នុងរាជធានីភ្នំពេញ។ មុននឹងឈានដល់ការរុះរើ Boosters/Repeaters នេះ ក.ប.ទ. បានដឹកនាំសម្របសម្រួលការងារជាមួយប្រតិបត្តិករទូរគមនាគមន៍ ដោយបានសាងសង់បង្គោលអង់តែនរួមដែលអាចបំពាក់ស្ថានីយ៏ផ្សាយបានច្រើនប្រតិបត្តិករ សរុបចំនួន ៧០ បង្គោលអង់តែន បន្ថែមលើបង្គោលអង់តែនមានស្រាប់ ដើម្បីផ្តល់សេវាទូរសព្ទចល័ត ជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបុរីក្នុងរាជធានីភ្នំពេញ។ ជាថ្មីម្តងទៀត ក.ប.ទ. សូមអំពាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាឈប់ប្រើប្រាស់និងដំឡើង Boosters/Repeaters នៅតាមផ្ទះ ដែលនាំឱ្យខាតបង់ថវិកា និងត្រូវរុះរើចោលវិញដោយខ្លួនឯង ឬដោយក្រុមការងាររបស់ ក.ប.ទ. ក្នុងពេលដ៏ខ្លីខាងមុខ។ ក្នុងករណី មានបញ្ហាសេវាទូរសព្ទចល័ត ប្រជាពលរដ្ឋ ត្រូវដាក់ពាក្យបណ្តឹងទៅប្រតិបត្តិករទូរសព្ទចល័តណាមួយ តាមរយៈលេខទូរសព្ទសេវាបម្រើអតិថិជន ១២០៤ ឬដាក់ពាក្យបណ្តឹងមក និយ័តករទូរគមនាគមន៍ (ន.ទ.ក.) តាមរយៈ MPTC Speed Test/Complaint ឬលេខទូរសព្ទសេវាបម្រើអតិថិជន ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ។

ខេត្តសៀមរាប៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ អេមព្រីស អង្គរ ខេត្តសៀមរាប ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពី ការរៀបចំ ការគ្រប់គ្រង និងការបែងចែកវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ម៉ៅ ដារិន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ប្រធានអង្គភាពនិងមន្ត្រីរាជការក្រោយឱវាទ ក.ប.ទ. ព្រមទាំងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តទាំង២៤ សរុបប្រមាណ ១២៧នាក់។ សិក្ខាសាលានេះរៀបចំឡើងដោយអគ្គនាយកដ្ឋានគ្រប់គ្រងធនធានវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុនៃ ក.ប.ទ. សហការជាមួយក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក.ប.ទ. ដែលអនុក្រឹត្យនេះ មានគោលដៅកំណត់អំពីគោលការណ៍ វិធាន និងសមត្ថកិច្ចនៃការគ្រប់គ្រងវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ និងបន្ទារហ្វ្រេកង់ស៍វិទ្យុសម្រាប់ផ្កាយរណបនិងគន្លងផ្កាយរណប ក្នុងគោលបំណងរៀបចំ បែងចែក និងប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុឱ្យមានប្រសិទ្ធភាពនិងសក្តិសិទ្ធិភាព ដើម្បីពង្រឹងការគ្រប់គ្របនិងការប្រើប្រាស់ធនធានកម្ររបស់ជាតិ ការចូលរួមប្រកួតប្រជែងដោយស្មោះត្រង់និងស្របច្បាប់ និងការរួមចំណែកដល់ការកៀរគរចំណូលជាតិ។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានចែករំលែកពីបញ្ហាប្រឈម និងកិច្ចខំប្រឹងប្រែងរបស់ក្រសួងព្រមទាំងសារ:សំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅតាមបណ្តាបុរីក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្ត ក្នុងគោលបំណងពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល និងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើនដ៏ខ្លាំងក្លានៃតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាអ៊ីនធឺណិត ជាពិសេសអ៊ីនធឺណិតតាមទូរសព្ទចល័ត។ ជាមួយគ្នានេះ […]

សិង្ហបុរី៖ ចាប់ពីថ្ងៃទី១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូ និងបេក្ខជនជ័យលាភីទាំង ៦រូប នៃកម្មវិធីបញ្ញវន្តឌីជីថល ២០២៣ទៅទស្សនកិច្ចសិក្សាក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ ដូចជា Google, Amazon Web Services (AWS), StartupX និង Meta ជាដើម នៅប្រទេសសិង្ហបុរី។ នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន Google, AWS, StartupX និង Meta បានចូលរួមអបអរដល់ជ័យលាភីបញ្ញវន្តឌីជីថលទាំង៦រូប និងបានធ្វើបទបង្ហាញអំពីផលិតផល សេវាកម្មនានា និងគន្លឹះសំខាន់ៗនៃភាពជោគជ័យនៃអាជីវកម្មរបស់ខ្លួន ជូនគណៈប្រតិភូក្រសួង និងបេក្ខជនជ័យលាភី។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានធ្វើការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង ឆ្លើយតបសំណួរយ៉ាងផុសផុល ជូនដល់បេក្ខជនជ័យលាភី និងបានផ្តល់ដំណើរទស្សនកិច្ចរួមគ្នានៅក្នុងការិយាល័យរបស់ក្រុមហ៊ុន ដើម្បីស្វែងយល់អំពីរបៀបរបបនិងវប្បធម៌ក្នុងការធ្វើការប្រកបដោយភាពរីករាយ ប្រសិទ្ធភាព និងផលិតភាព។ ក្នុងអំឡុងពេលនោះដែរ គណៈប្រតិភូក្រសួងក៏បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុន នីមួយៗ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើការលើកកម្ពស់ជំនាញ និងអក្ខរកម្មឌីជីថលនៅកម្ពុជា សំដៅចូលរួមអភិវឌ្ឍមូលធនមនុស្សឌីជីថល ដែលជាអាទិភាពចម្បង ក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ចនិងសង្គមឌីជីថល […]

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជួបសម្តែងការគួរសមជាមួយ បណ្ឌិត្យសភានគរបាលកម្ពុជា ដឹកនាំដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយ អនុប្រធាននៃបណ្ឌិត្យសភានគរបាលកម្ពុជា សរុបប្រមាណ ២០រូប។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ និងអនុប្រធាននៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពកំណែទម្រង់របស់ក្រសួងនាពេលកន្លងមក និងសកម្មភាពអាទិភាពរបស់ក្រសួងដែលមានជាអាទិ៍៖ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅតាមបណ្តាបុរីក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តអាទិភាព និងការតភ្ជាប់ប្រព័ន្ធខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្នុងគោលបំណងពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល និងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ ព្រមទាំងការដាក់ឱ្យប្រើប្រាស់ កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត “ MPTC Speed Test ” ដែលមានមុខងារចម្បងសម្រាប់វាស់ស្ទង់កម្រិតសេវាទូរសព្ទ និងដំណើរការអ៊ីនធឺណិតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ជម្រាបជូនបន្ថែម អំពីការបង្កើតអង្គភាពបរិវត្តន៍កម្មឌីជីថល នៅតាមបណ្តាក្រសួង […]